ក្រសួងទេសចរណ៍ ជូនដំណឹងដល់ថ្នាក់ដឹកនាំ-មន្ត្រីបម្រើការនៅទីស្ដីការក្រសួង ចាត់ចែងឱ្យកូនចៅទៅចាក់វ៉ាក់សាំងនៅតាមទីតាំងកំណត់
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការនៅទីស្ដីការក្រសួងទេសចរណ៍ សូមចាត់ចែងឱ្យកូនចៅរបស់ខ្លួនដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តទៅ ពោលគឺរៀងរាល់ម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច។
ទីកន្លែងដែលផ្ដល់ការវ៉ាក់សាំងនេះ រួមមាន៖
* មន្ទីរពេទ្យកាល់ម៉ែត សម្រាប់កូនចៅរបស់ថ្នាក់ដឹកនាំដែលមានឋានៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។
* មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់កូនចៅថ្នាក់ដឹកនាំដែលមានឋានៈអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ។
* មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សម្រាប់នៅកូនចៅរបស់មន្ត្រីរាជការដែលមានឋានៈប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។
លិខិតជូនដំណឹងដដែលខាងលើ ក៏បានបញ្ជាក់អំពីឯកសារភ្ជាប់នៅពេលទៅទទួលការចាក់វ៉ាក់សាំងផងដែរ គឺរួមមាន៖
* សេចក្ដីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ១ ច្បាប់
* សេចក្ដីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែនរបស់កូនចៅ ១ ច្បាប់៕
ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍៖