ក្រសួងទេសចរណ៍ មានយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមណ្ឌិត ថោង ខុន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដោយរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញរួចមក អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីឯកឧត្តមបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
* ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
* ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា។
* បច្ចុប្បន្នភាពនៃការងាររៀបចំ Travel Bubble។
ឯកឧត្តមបណ្ឌិត ថោង ខុន បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕