ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមផ្នែកសណ្ឋាគារក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០១៩
ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមផ្នែកសណ្ឋាគារក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០១៩
(ភ្មំពេញ)៖ នារសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ផ្នែកសណ្ឋាគារប្រចាំឆ្នាំ ២០១៩ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ និងលោក Zhong Jifa លេខាទូតទី១ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា។
ការរៀបចំការប្រកួតអ្នកនិយាយភាសាចិនឆ្នើមនេះឡើងគឺដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពទេសចរណ៍ផ្នែកសេវាកម្មស្នាក់នៅ ពិសេសការត្រៀមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ទេសចរចិន (China-Ready) ដែលជាទីផ្សារទេសចរណ៍ដ៏ធំចំបង និងកំពុងមាននិន្នាការកើនឡើងខ្លាំងនៅកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
បេក្ខជនដែលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមានចំនួន ១២ នាក់ មកពី ០៣ រាជធានីខេត្ត និង ១០ សណ្ឋាគារ ដោយបានឆ្លងកាត់ការប្រកួតវគ្គជំរុះចំនួន ០៣ ដង។ បន្ទាប់ពីគណៈកម្មការបានដាក់សំនួរអោយបេក្ខជនឡើងបកស្រាយ ឆ្លើយបំភ្លឺនៅចំពោះមុខគណៈអធិបតី និងគណៈកម្មការរួចមក ជាលទ្ធផល បេក្ខជនទទួលបានជ័យលាភីមានចំនួន ១២រូប ដែលមានឈ្មោះដូចខាងក្រោមៈ
-លេខ១.លោក តាន់ គីមសួរ មកពី សណ្ឋាគារឃ្វីនកូរ (ខេត្តព្រះសីហនុ)
-លេខ២. លោក ឈួរ កុក មកពី សណ្ឋាគារខ្សាច់ស (ខេត្តព្រះសីហនុ)
-លេខ៣. លោក តាំង ហួងលាង មកពី សណ្ឋាគារព្រីមថាមស៍ (ខេត្តព្រះសិហនុ)
-លេខ៤. កញ្ញា ជា សុខណា មកពី សណ្ឋាគារខ្សាច់ស (ខេត្តព្រះសីហនុ)
-លេខ៥. កញ្ញា ជេន ឡាវីត មកពី សណ្ឋាគារ Rose Wood (រាជធានីភ្នំពេញ)
-លេខ៦. លោក យិន វ៉ាន់ឈី មកពី សណ្ឋាគារ ឡឺមេរីឌៀន (ខេត្តសៀមរាប)
-លេខ៧. លោក ង៉ែ អ៊ុយហេង មកពី សណ្ឋាគារ W.E Boutique (រាជធានីភ្នំពេញ)
-លេខ៨. លោក ប៉ុន សុវណ្ណៈ មកពី សណ្ឋាគារអង្គរមីរ៉ាខល (ខេត្តសៀមរាប)
-លេខ៩. លោក ឆេង ហួរ មកពី សណ្ឋាគាររីចេនស៊ី (ខេត្តសៀមរាប)
-លេខ១០. លោក ហេង រំហើយ មកពី សណ្ឋាគារអង្គរសិនជូរី (ខេត្តសៀមរាប)
-លេខ១១. កញ្ញា ជេន ឡាវីន មកពី សណ្ឋាគារ Rose Wood (រាជធានីភ្នំពេញ)
-លេខ១២.លោក កូយ សុជាតិ មកពី សណ្ឋាគារ XIANG CHOU INN (រាជធានីភ្នំពេញ)
សូមជម្រាបជូនថា បេក្ខជនជ័យលាភីទាំង១២រូប ក៏ទទួលបាននូវរង្វាន់លើកទឹកចិត្តពីក្រសួងទេសចរណ៍ និងស្ថានទូតចិនផងដែរ មានដូចជា ទូរស័ព្ទដៃម្នាក់ ០១គ្រឿង ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនចំអិនសាច់ និងសំភារៈប្រើប្រាស់មួយចំនួនទៀត អាស្រ័យទៅតាមចំណាត់ថ្នាក់ជ័យលាភី។
គួរកត់សម្គាល់ផងដែរថា ក្រសួងទេសចរណ៍ នឹងបន្តរៀបចំការប្រឡងប្រណាំងអ្នកជំនាញក្នុងវិស័យទេសចរណ៍លើជំនាញ និងភាសាផ្សេងៗទៀត នាពេលខាងមុខ។ ដោយឡែកសម្រាប់ទិដ្ឋភាពទាំងស្រុងនៃការប្រឡងវគ្គផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិនឆ្នើមផ្នែកសណ្ឋាគារក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ នេះ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានាពេលខាងមុខនេះផងដែរ។