ក្រសួងទេសចរណ៍យកចិត្តទុកដាក់ការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍នៅខេត្តគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ
ខេត្តកំពត៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលា “វាយតម្លៃតម្រូវការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (HoKa)” នៅសណ្ឋាគារកំពតឌីយ៉ាម៉ង ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោងខុន រដ្នមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ប្រមាណ ៦០រូប ដើម្បីសិក្សាពីគម្លាតជំនាញត្រូវការបណ្តុះបណ្តាល និងផ្សព្វផ្សាយវិជ្ជាជីវៈទេសចរណ៍អាស៊ាន និងបណ្តុះបណ្តាលធនធានមនុស្ស ពិសេសនៅតំបន់ឆ្នេរសមុទ្រ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងការផ្តល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរ។
គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចប្រចាំខេត្ត ព្រះសីហនុ HoKA ធ្វើឡើងក្រោមកិច្ចសហការជាមួយ អង្គការ Swiss Contact ដែលជាកម្មវិធីថ្មីមួយក្នុងទម្រង់ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលអ្នកជំនាញត្រូវសិក្សាទ្រឹស្តី និងការអនុវត្តរួមគ្នានៅអាជីវកម្មផ្ទាល់ ដោយប្រើប្រាស់នូវស្តង់ដាសមត្ថភាពអាស៊ាន។ កម្មវិធីនេះ នឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” នៅឆ្នាំ២០២៥។