ខេត្តកំពតបាននិងកំពុងខិតខំជំរុញ ប្រែក្លាយទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាបំណាច់ឆ្នាំ២០២១
ពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍និងបណ្ណសរសើរត្រូវបានប្រគល់ជូនម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួនដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅក្រុងកំពត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។
ពិធីប្រគល់ពាននិងបណ្ណសរសើរនេះត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុង វិស័យទេសចរណ៍” ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍អំពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទូទាំងប្រទេសក៏ដូចជាជួយការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានផងដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីតំណាងពីមន្ទីរពាក់ព័ន្ធ សាលាក្រុងកំពត សាលាសង្កាត់ក្នុងក្រុងកំពត និងផ្នែកឯកជនដែលជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងកំពត។
លោក នៃ គង់ អភិបាលរងខេត្តកំពតបានលើកឡើងពីការខិតខំរបស់រដ្ឋបាលខេត្តកំពតក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការរៀបចំបង្កើតឆ្នេរថ្មីដែលជាផលិតផលទេសចរណ៍ថ្មីក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមក ទស្សនាកាន់តែច្រើនឡើងថែមទៀត។ លោកក៏បានក្រើនរំលឹកឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាបច្ច័យជួយបង្កើតបរិស្ថានទេសចរណ៍មួយដែលគ្មានផ្សែងបារីនៅខេត្តកំពត សម្រាប់បម្រើផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។
ជាការលើកទឹកចិត្តដល់ការចូលរួមអនុវត្តបានល្អរបស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួននៅខេត្តកំពតតាមគោលការណ៍ច្បាប់និងសេចក្តីណែនាំស្តីពីពីបរិស្ថានគ្មានផ្សែងបារី ក្រសួងទេសចរណ៍ក៏បានរៀបចំពាននិងបណ្ណសរសើរដើម្បីចែកជូនផងដែរ។
ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើមដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ រួមមាន អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ....។ល។ ចំណុចសំខាន់ៗដែលមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖ ត្រូវបិទផ្សាយឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់មិនឲ្យអ្នកជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ៥៥%បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ផលិតផលថ្នាំជក់។
ឯកឧត្តម ហោ សារុន បានបន្ថែមថា ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍បានចុះវាយតម្លៃមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុងកំពតកាលពីខែកក្កដាកន្លងទៅនេះតាមរយៈកម្រងសំណួរដែលដកស្រង់ចេញពីច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ សេចក្តីណែនាំទាក់ទងនឹងច្បាប់។ ជាលទ្ធផល មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន៣០កន្លែងដែលអនុវត្តបានល្អត្រូវបានជ្រើសរើសដើម្បីទទួលពាននិងបណ្ណសរសើរនៅថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ហោ សារុន ក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ឲ្យប្រកាន់ខ្ចាប់នូវវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចេញក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ ពោលគឺត្រូវរៀបចំកន្លែងលាងសម្អាតដៃនឹងសាប៊ូ បាញ់អាកុលឬជែល ពាក់ម៉ាស់ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ព្រមទាំងផ្តល់សេវាដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ ដើម្បីជាមុខមាត់របស់ខេត្តក៏ដូចជាការផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តក្នុងខេត្តផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដែលបានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១។ ការចែកពាននិងបណ្ណសរសើរ និងសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពគាំទ្រមួយ ដើម្បីជំរុញឲ្យទីក្រុងកំពតក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ខាងមុខនេះ៕