ខេត្តក្រចេះប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ និងបេជ្ញាចិត្តរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព
ខេត្តក្រចេះប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ និងបេជ្ញាចិត្តរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព
(ក្រចេះ)៖ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គការWWF ដែលបានសហការរៀបចំទិវាសត្វផ្សោតឆ្នាំ២០១៩ ឡើងដោយបានរំលេច និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីសារ:សំខាន់នៃជីវៈសាស្ត្រ និងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅរក្សារំនឹងជីវៈសាស្ត្រអេកូឡូស៊ីនៅតាមបណ្តោយដងទន្លេមេគង្គ និងលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ថ្លែងនេះពិធីបើក ”ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២១៩” ក្រោមប្រធានបទ “កើនផ្សោត កើនទេសចរ កើនជីវភាព” នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សត្វផ្សោតគឺជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុប៥៨ដែលត្រូវបានកំណត់ក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ហើយវាក៍ត្រូវបានកំណត់នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិដែលហៅកាត់ថា “IUCN” ជាប្រភេទងាយរងគ្រោះជិតផុតពូជ និងជារតនៈសម្បត្តិជាតិមានជីវិតរបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនសរុបប្រមាណតែ៩២ក្បាលប៉ុណ្ណោះ ហើយពួកវាកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់អភិរក្សអោយបានគង់វង្ស ដោយមានយុទ្ធសាស្ត្រអភិរក្សច្បាស់លាស់។
លោក សេង ទៀក នាយកប្រចាំប្រទេសរបស់អង្គការ WWF បានលើកឡើងថា តាមរយៈសកម្មភាពរបស់អង្គការWWF នៅកម្ពុជា អង្គការបានសហការយ៉ាងជិតស្និតជាមួយនឹងរដ្ឋបាលជលផល និងខណ្ឌជលផលខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាលទ្ធផលគួរឲ្យមោទនៈ យើងឃើញថាមានការកើនឡើងនូវចំនួនកូនផ្សោតថ្មីចំនួន ២០ក្បាលក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩នេះ ខណៈសត្វផ្សោតស្លាប់មានចំនួន ៦ក្បាល។ ក្រៅពីនេះអង្គការបានយកចិត្តទុកដាក់លើគម្រោងប្តូរមុខរបររបស់ប្រជាពលរដ្ឋពីការនេសាទខុសច្បាប់នៅជុំវិញតំបន់ការពារសត្វផ្សោត ដោយសហការជាមួយមន្ទីរទេសចរណ៍រៀបចំបង្កើតសហគមន៍អេកូទេសចរណ៍ ដោយផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការផ្តល់នូវសេវាកម្មផ្ទះស្នាក់ សេវាដឹកជញ្ជូន សេវាកម្មហូបចុក មគ្គុទ្ទេសក៍សហគម្ម និងសេវាកម្មសម្បទាទេសចរណ៍ផ្សេងៗទៀត។
ពិធីបើកទិវាសត្វផ្សោតទន្លេមេគង្គ និងកម្មវិធីរយុពេលពីរថ្ងៃបានប្រារព្វដោយរលូន និងអធិកអធមដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរប្រមាណ ១០០០រូប ដោយរៀបចំឲ្យមានកម្មវិធីតាំងពិព័រណ៌ពាណិជ្ជកម្ម សិល្បៈចម្រៀង ការសម្តែងរបាំជូនពរ និងរបាំក្រឡាន ការដេីរក្បួន រត់ប្រណាំង ប្រណាំងកង់ និងកម្មវិធីប្រកួតញាំក្រូថ្លុង ក្រឡាន និងណែម ដែលជាផលិតផលក្នុងខេត្តផងដែរ។