ខេត្តសៀមរាបរៀបចំ “ការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប” ដើម្បីបង្ហាញអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប
(សៀមរាប)៖ នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប មានរៀបចំពិធីបើកការប្រកួតមាន់អាំងឆ្ងាញ់សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប, ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវ, តំណាងសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រួមនិងវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការយ៉ាងច្រើនកុះករបានចូលរួម ។
កម្មវិធីប្រកួតមាន់អាំងឆ្ងាញ់សៀមរាបនេះ ជាពិធីដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីទាំង៩ របស់កម្មវិធី " សម្រាកសៀមរាប " ហើយក៏ជាវិញ្ញសារដ៏សំខាន់មួយ ក្នុងការស្វែងរកអត្តសញ្ញាណម្ហូបដែលមានរសជាតិឆ្ងាញ់( ម្ហូបប្រចាំត្រកូល ) នៅក្នុងខេត្តសៀមរាប។
តាមការពិនិត្យ វាយតម្លៃ និងការដាក់ពិន្ទុ:ពីសមាគមន៍ចុងភៅកម្ពុជា។ ដែលការដាក់ពិន្ទុ:នោះបានផ្អែកលើរបៀបចម្អិន រស់ជាតិ សោភណ្ឌភាព និងការប្រើរយ:ពេលខ្លី។
ក្នុងពិធីនោះមានចុងភៅមកពីតំណាង១២ក្រុង ស្រុកបានចូលរួម ជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រីជាប់ចំណាត់ថ្នាក់លេខ១ , ខណ:លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣ ។
សម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ÷ ក្រុមលេខ១ ទទួលបានពាន ១, ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល,ក្រុមលេខ២ ទទួលបានពាន១ ,ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១.៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១, ប័ណ្ណសរ សើរ ១ និងទឹកប្រាក់ ១លានរៀល៕