គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គជវទ)ប្រកាសបើកការប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពត ខេត្តកំពត
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គជវទ)ប្រកាសបើកការប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពត ខេត្តកំពត
(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យមានការចូលរួមប្រឡងប្រណាំងរៀបចំគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពតឱ្យបានផុសផុល ដោយកំណត់យកខេត្តកំពត ជាខេត្តគំរូមុនគេរៀបចំវិថីលក់ម្ហូបអាហារ ឬហៅថា Food Street នេះ។
គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងក្រសួងទេសចេណ៏ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅខេត្តកំពត នៅសណ្ឋាគារអូឡាំព្យាស៊ីធី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
“ម្ហូបអាហារ” ត្រូវបានពិភពលោកចាត់ទុកជាភាពទាក់ទាញថ្មីមួយដ៏សំខាន់ សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ លើសពីនេះ ម្ហូបអាហារបាននិងកំពុងអភិវឌ្ឍន៍ជាបណ្តើរក្លាយជាមូលហេតុចម្បង នៃការជ្រើសរើសគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្តរបស់ទេសចរ។ ទន្ទឹមនឹងនេះ វិថីលក់ម្ហូបអាហារ food street ជារបៀបមួយនៃពិព័រណ៍ម្ហូបអាហារដ៏ពេញនិយម ដែលត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ ជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យកាន់តែយូរ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
ការប្រឡងប្រណាំងនេះគឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥ ឬបញ្ចប់ការសិក្សាដែលមានជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ពន្ធ ដែលអាចចុះឈ្មោះបានដោយសេរីតាមរយៈអនឡាញក៏បាន (ស្កេន QR Code នៅលើខិត្តបណ្ណផ្សព្វផ្សាយ) ឬអាចដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាន គ.ជ.វ.ទ. ដែលមានទីតាំងនៅទីស្ដីការក្រសួងទេសចរណ៍។
គ.ជ.វ.ទ. គ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅបំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អមជាមួយការផ្ដល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ក្រុម ដែលរួមមាន៖
+ចំណាត់ថ្នាក់លេខ១ ថវិកា ៤លានរៀល
+ចំណាត់ថ្នាក់លេខ២ ថវិកា ៣លានរៀល
+ចំណាត់ថ្នាក់លេខ៣ ថវិកា ២លានរៀល។