ខេត្តចំនួន៥ មានគ្រូបង្គោលជំនាញទេសចរណ៍១០៧នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលពីគម្រោងហូកា របស់ក្រសួងទេសចរណ៍
(រតនគិរី)៖ គិតត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រង់គម្រោងហូកា (Hoka) នៃក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញទេសចរណ៍បានចំនួន១០៧រូបបន្ថែមទៀតនៅតាមបណ្ដាខេត្តចំនួន៥ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
សមិទ្ធផលនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គណៈកម្មការគ្រប់គ្រងគម្រោងហូកា និងទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលប្រព្រឹត្តទៅនៅខេត្តរតនគិរី និងតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួមជាគណៈធិបតីពីលោកស្រី ញាន ទិត្យចន្តា អភិបាលរងខេត្តរតនគិរី និងលោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ (Swisscontact) សមាជិក សមាជិកាគណៈកម្មការគ្រប់គ្រងគម្រោងហូកា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ព្រះវិហារ និងមណ្ឌលគិរី សរុបចំនួន៣០រូប។
កិច្ចប្រជុំមានគោលបំណងបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោងហូកា ដែលលេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមកនៅតាមខេត្តគោលដៅគម្រោង បង្ហាញពីព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាលហូកា អំឡុងពេលការរីករាលដាលនៃជំងឺឆ្លងកូវដ-១៩ និងទិសដៅការងារបន្តរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារស្របតាមស្មារតីនៃកិច្ចព្រមព្រៀងអនុវត្តគម្រោងឆ្នាំ២០២១។
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការស្វីសខន់ថាក់ លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តក្នុងគោលដៅគម្រោង ដែលបានខិតបំពេញសកម្មភាពការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយក្នុងនោះត្រឹមតី្រមាសទី៣ ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលគ្រូបង្គោលហូកាសរុបចំនួន១០៧រូប លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច។
គ្រូបង្គោលនេះគឺជាធនធានដ៏មានសក្តានុពលសម្រាប់ផ្តល់ការបណ្តុះបណ្តាលបន្តដល់អ្នកជំនាញទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ សំដៅចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងគុណវុឌ្ឍិរបស់អ្នកជំនាញ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តគោលដៅគម្រោង ដើម្បីត្រៀមលក្ខណៈជាស្រេចដើម្បីទទួលទេសចរណ៍ឡើងវិញក្នុងដំណាក់កាលនៃការបើកប្រទេសឡើងវិញនេះ ជាពិសេសក្នុងភូមិភាគឦសាន។
លោក Chirstain Christain Volker Ide បានបញ្ជាក់ពីជំហ៊រមុតមាំរបស់អង្គការស្វីសខន់ថាក់ ដើម្បីបន្តគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៅតាមខេត្តគោលដៅគម្រោង និងបានវាយតម្លៃខ្ពស់ដល់សមិទ្ធផលការងារដែលសម្រេចបានប្រចាំត្រីមាសទី៣ និងបានស្នើឱ្យគណៈកម្មការគ្រប់គ្រងគម្រោងហូកា និងមន្ទីរទេសចរណ៍ខេត្តត្រៀមរៀបចំផែនការសកម្មភាពឆ្នាំ២០២២របស់ខ្លួន ដើម្បីស្នើសុំការគាំត្របន្ថែមនៅឆ្នាំខាងមុខនេះ។
សូមរំលឹកថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០-២០២៤) ត្រូវបានអនុវត្តដោយស្វីសខន់ថាក់ ក្នុងសម្ព័ន្ធជាមួយ INBAS និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។
កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យបដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕