គំរូជោគជ័យពីសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ខេត្តសៀមរាប គឺបំពេញបានគ្រប់តម្រូវជូនភ្ញៀវ ជំរុញជីវភាពសហគមន៍កាន់តែប្រសើរឡើង
(សៀមរាប)៖ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានបង្កើតឱ្យមានផលិតផលទេសចរណ៍យ៉ាងច្រើនសម្បូរបែប សម្រាប់បំពេញគ្រប់សេចក្ដីត្រូវការជូនភ្ញៀវទេសចរ ព្រមទាំងបានជំរុញជីវភាពប្រជាសហគមន៍ និងប្រជាពលរដ្ឋដែលនៅជុំវិញនោះឱ្យកាន់តែមានភាពល្អប្រសើរផងដែរ រីឯអាជ្ញាធរថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រសួងទៀតផងនោះ ក៏មានការទទួលស្គាល់ កោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង។
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានទីតាំងស្ថិតភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពោលគឺនៅខាងកើតប្រាសាទបាគង ដែលជាមហាប្រាសាទដ៏ជាងគេធំមួយនៃអតីតរាជធានីហរិហរាល័យ (មុនរាជធានីយសោធរបុរៈ)។ លោក សូត្រ សួរ ជាប្រធានសហគមន៍នេះ ដែលលោកក៏ជាអ្នកស្រុករស់នៅមូលដ្ឋាននេះផ្ទាល់ដែរ លោកធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើននៅទីនេះ លោកធ្លាប់បានស្រមៃថាចង់ប្រែក្លាយមូលដ្ឋានរបស់លោកឱ្យមានការរីកចម្រើនដូចគេដូចឯង ទោះជាតាមរូបភាពណាក៏ដោយ។ ដើមត្នោតពីរដើមដែលដុះនៅលើដីសហគមន៍នេះ ធ្លាប់មានអនុស្សាវរីយ៍ខ្លាំងជាងគេកាលនៅវ័យយុវជន ដោយវាបានប្រក់ជាម្លប់ដល់យុវជនក្រីក្រកម្សត់ស្នេហ៍ម្នាក់....។
ដោយបានខិតខំសិក្សារៀនសូត្រ និងមានការលើកទឹកចិត្តពីឪពុកម្ដាយ និងក្រុមគ្រួសារផងនោះ លោក សូត្រ សួរ បានសម្រេចនូវការសិក្សាជាបន្តបន្ទាប់ និងមានការងារធ្វើសមល្មមនឹងអាចចិញ្ចឹមគ្រួសារបាន ក្នុងការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ឆ្នើមម្នាក់ ដែលទទួលបានគាំទ្រពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ផងដែរ។ អស់វេលាជាច្រើនឆ្នាំ អតីតកូនកសិកររូបនេះក៏បានឈានដល់ពេលរៀបអាពាណ៍ពិពាណ៍ និងបានរស់នៅជាមួយក្រុមគ្រួសារយ៉ាងសុខសប្បាយ ជាមួយនឹងជីវភាពសមរម្យមួយ។
ក្រោយមក លោក សូត្រ សួរ ក៏បានរឭកនឹកដល់បំណងប្រាថ្នាកាលពីវ័យក្មេង ដែលថាចង់ប្រែក្លាយមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនល្អប្រសើរនោះ លោកបានរិះរកវិធីជាច្រើនដើម្បីសម្រេចបានបំណងប្រាថ្នានេះ។
ដូចប្រជាជនទូទៅបានដឹងហើយថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមុនវិបត្តិជំងឺកូវីដ១៩នេះ គោលដៅទេសចរណ៍សៀមរាប-អង្គរ គឺពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ។ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ក្រុងសៀបរាម និងប្រាសាទបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ គឺពិតជាកម្លាំងស្រូបទាញមួយដ៏ខ្លាំងក្លាសម្រាប់គោលដៅខេត្តសៀមរាប។ ក្រៅពីនេះ ក៏នៅមានផលិតផលទេសចរណ៍នៅតាមសហគមន៍មួយចំនួនទៀតផងដែរ ពិសេសគឺស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីរាជធានីអង្គរនេះតែម្ដង។
ដោយខ្លួនមានបទពិសោធន៍ច្រើនជាមួយការងារក្នុងវិស័យទេសចរណ៍ ហើយស្របពេលដែលរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប កំពុងខិតខំជំរុញឱ្យមានផលិតផលទេសចរណ៍ក្នុងស្រុកបន្ថែមផងនោះ លោក សូត្រ សួរ ក៏បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមូលមតិគ្នាបង្កើតឱ្យមានសហគមន៍ទេសចរណ៍មួយឡើង។ លោកបានចាប់ផ្ដើមរៀបចំបន្តិចម្ដងៗតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ ក្រោយមកទៀត ក៏មានជួយជ្រោមជ្រែងពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ងូវ សេងកាក់ និងអាជ្ញាធរស្រុក ឃុំ ភូមិផងដែរ។ លោក ង៉ូវ សេងកាក់ តែងតែចុះជាប់ជាមួយលោក សូត្រ សួរ ព្រោះជាធនធានយុវជនដែលមានឆន្ទៈគាប់ប្រពៃចំពោះវិស័យទេសចរណ៍។
រហូតដល់អំលុងខែកញ្ញា ឆ្នាំ២០២០ សហគមន៍ទេសចរណ៍ក្នុងក្ដីស្រមៃក៏ត្រូវបានបង្កើតឡើងជាផ្លូវការនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគងនេះ។ ដោយទឹកចិត្តស្រលាញ់រាប់អានជាមួយប្រជាពលរដ្ឋក្នុងភូមិ ធ្លាប់មានអនុស្សាវរីយ៍ជាមួយធម្មជាតិក្នុងភូមិរបស់ខ្លួន ហើយចង់រំលេចឈ្មោះ «បាគង» ដើម្បីឱ្យគេស្គាល់កាន់តែច្រើនផងនោះ លោក សូត្រ សួរ និងប្រជាពលរដ្ឋក្នុងសហគមន៍៍ក៏បានឯកភាពដាក់ឈ្មោះសហគមន៍របស់ខ្លួនថា «សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ» តែម្ដងទៅ។
ក្រោយពេលបង្កើតសហគមន៍បានហើយ លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍ថ្មីនេះ បានរួមគ្នាជាមួយក្រុមការងារថ្នាក់ដឹកនាំសហគមន៏ និងប្រជាសហគមន៍ទាំងអស់ បានខិតខំពង្រីកផលិតផលទេសចរណ៍ជាបន្តបន្ទាប់។ មកដល់ពេលបច្ចុប្បន្ន សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ដោយមានទាំងការតុបតែងរចនាទីតាំងដើរលេងកម្សាន្តឱ្យកាន់តែមានភាពទាក់ទាញ រៀបចំដាំដើមឈើ និងសួនផ្កាមានបឹងតូចមួយនៅកណ្ដាលសហគមន៍ ដែលមានទូកសម្រាប់ជិះកម្សាន្ត និងអាចស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ មានតូបអង្គុយជុំវិញមាត់ទឹកសម្រាប់ម្ហូបអាហារ ភេសជ្ជៈ មានសួនកម្សាន្តសម្រាប់កុមារ មានទីលានសម្រាប់បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ មានរទេះគោជិះលេងកម្សាន្តជុំវិញសហគមន៍ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ សហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។
លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បីជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។ ម្យ៉ាងទៀត ជាទិសដៅលោកសហការបន្ថែម និងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ក្រៅពីនេះ ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ក៏ដូចជាចង់ចូលរួមជំរុញ និងអនុវត្តចលនាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ។
ដោយមើលឃើញពីសកម្មភាពរបស់សហគមន៏ ប្រជាពលរដ្ឋដែលរស់នៅទីនោះ តែងនាំយករបស់របរប្រើប្រាស់ពីជំនាន់មុនៗ មកប្រគល់មកសហគមន៏ ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត ក៏ដូចជាភ្ញៀវទេសចរបរទេស ឱ្យបានឃើញស្គាល់នូវវត្ថុប្រើប្រាស់របស់អ្នកស្រុកអង្គរដ៏ល្បីល្បាញនេះ។ រៀងរាល់ថ្ងៃប្រជាពលរដ្ឋតែងយកបន្លែ ផ្លែឈើ ត្រី សាច់ របស់របរសិប្បកម្មនានាមកតាំងលក់ជូនភ្ញៀវទេសចរថែមទៀតផង។
ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា រៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀបរាម ដោយបានលើកឡើងផងដែរអំពីសហគមន៍ទេសចរណ៏បាគងភូមិខ្ញុំនេះ។ អង្គវេទិកាបានរៀបចំដំណើរទស្សនកិច្ចទៅកាន់សហគមន៍នេះផងដែរ ក្នុងចំណោមសហគមន៍ចំនួន ៦ ដើម្បីឱ្យសិក្ខាកាមដែលចូលរួមក្នុងដំណើរទស្សនកិច្ចនោះ ស្វែងយល់ពីគំរូបទពិសោធន៍ជោគជ័យរបស់សហគមន៍ ពិសេសគឺភាពជោគជ័យក្នុងបរិបទវិបត្តិជំងឺកូវីដ១៩នេះ។
ក្នុងពេលទទួលសិក្ខាកាមខាងលើ បទពិសោធន៍ជាច្រើនត្រូវបានលោក សូត្រ សួរ ប្រធានសហគមន៍ លើកឡើងជូនប្រតិភូសិក្ខាកាមយ៉ាងក្បោះក្បាយ និងបានរៀបចំឱ្យសិក្ខាកាមទទួលបាននូវការកម្សាន្តជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដូចជា ទស្សនាការសម្ដែងសិល្បៈបុរាណខ្មែរ សិល្បៈក្បាច់គុន ជិះរទេះគោដើរមើលជុំវិញសហគមន៍ ជិះទូកកម្សាន្តលេងក្នុងបឹង ទទួលទានអាហារសហគមន៍ ទស្សនាវត្ថុសិល្បៈ និងរបស់របរសិប្បកម្មដែលធ្វើដោយប្រជាសហគមន៍ជាដើម។
ប្រតិភូសិក្ខាកាមបានបង្ហាញនូវទឹកចិត្តអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចរបស់សហគមន៍បាគងភូមិខ្ញុំ ព្រមទាំងសន្យាថានឹងជួយផ្សព្វផ្សាយបន្តទៅដល់ភ្ញៀវទេសចរដទៃទៀត ពីព្រោះនៅសហគមន៍ពិតជាមានការទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរយ៉ាងពេញចិត្តពិតប្រាកដមែន។
តាមការសិក្សារបស់ក្រុមសិក្ខាកាម សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ពិតជាបានចូលរួមជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍បានយ៉ាងល្អប្រសើរ មានការបែងចែកផលចំណេញជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ដែលជាបទពិសោធន៍ជោគជ័យមួយដ៏ល្អសម្រាប់ជាគំរូដល់សហគមន៍ទេសចរណ៍ដទៃទៀត ពិសេសគឺពិតជាបានចូលរួមជំរុញចលនាទេសចរក្នុងស្រុកបានយ៉ាងសកម្ម៕