តំណាងក្រសួងទេសចរណ៍ អញ្ជើញបើកវគ្គបំប៉នជំនាញបដិសណ្ឋារកិច្ច សង្គ្រោះបឋម និងនីតិវិធីនគរបាលយុត្តិធម៌ ដល់នគរបាលទេសចរណ៍ និងនគរបាលការពារព្រំដែនទឹក
តំណាងក្រសួងទេសចរណ៍ អញ្ជើញបើកវគ្គបំប៉នជំនាញបដិសណ្ឋារកិច្ច សង្គ្រោះបឋម និងនីតិវិធីនគរបាលយុត្តិធម៌ ដល់នគរបាលទេសចរណ៍ និងនគរបាលការពារព្រំដែនទឹក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីបើកវគ្គបំប៉នជំនាញបដិសណ្ឋារកិច្ច ការពារអន្ដរាគមន៍ សង្គ្រោះបឋម និងនីតិវិធីនគរបាលយុត្តិធម៌ លើកទី៣ ដល់មន្ដ្រីនគរបាលទេសចរណ៍ និងនគរបាលការពារព្រំដែនទឹក ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានចូលរូមពីឯកឧត្តមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ព្រមទាំងមានសិក្ខាកាមចូលរួមសរុប ១០៤នាក់។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការបានលើកឡើងថា វគ្គបំប៉ននៅថ្ងៃនេះគឺជាវិធានការដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវបានធ្វើឡើងក្នុងន័យ ការការពារប្រសើរជាងការព្យាបាល ដោយមានវត្តមានចូលរួមពីមន្ត្រីនគរបាលទេសចរណ៍ និងមន្ត្រីនគរបាលការពារព្រំដែនទឹក។ នេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សន្តិសុខ និងសុវត្ថិភាពមិនត្រឹមតែត្រូវបានធានាដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងធានាបានដល់ភ្ញៀវទេសចរ ដែលអញ្ជើញមកទស្សនាក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ហោ សារុន ក៏បានកោតសរសើរចំពោះនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានរៀបចំវគ្គបំប៉ននេះឡើង ដោយមិនត្រឹមតែបំពាក់បំប៉នជំនាញមូលដ្ឋានដូចជា ជំនាញការពារអន្តរាគមន៍ និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ប៉ុណ្ណោះទេ ថែមទាំងបានបញ្ចូលជំនាញចាំបាច់មួយចំនួនដូចជា ជំនាញបដិសណ្ឋារកិច្ច និងជំនាញសង្គ្រោះបឋមផងដែរ។ ជំនាញបដិសណ្ឋារកិច្ចជាជំនាញដ៏សំខាន់មួយសម្រាប់មន្ត្រីនគរបាលទេសចរណ៍ និងមន្ត្រីនគរបាលការពារព្រំដែនទឹក ដែលមានឱកាសច្រើនក្នុងការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវទេសចរ។ ការស្វាគមន៍ និងការធ្វើទំនាក់ទំនងជាមួយភ្ញៀវប្រកបដោយភាពញញឹម រួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហារបស់ភ្ញៀវទេសចរ ដើម្បីធានាបានថា ពួកគាត់មានភាពសប្បាយរីករាយ មានភាពកក់ក្តៅក្នុងដំណើរទេសចរណ៍មកប្រទេសយើង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានអះអាងថា ជំនាញបដិសណ្ឋារកិច្ច ដែលត្រូវបានចាត់ទុកជាកាយវិការមួយចងចិត្ត និងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ក៏ជួយផ្សព្វផ្សាយ និងនិយាយល្អពីប្រទេសកម្ពុជាទៅកាន់មិត្តភក្តិ និងបងប្អូនគាត់ផងដែរ ហើយតាមរយៈនេះ កម្ពុជាអាចទទួលបានភ្ញៀវដដែលមកម្តងទៀត (Repeat tourists) និងភ្ញៀវថ្មីមកបន្ថែមទៀតផងដែរ។ ក្រសួងទេសចរណ៍ក៏បានបញ្ជូនគ្រូឧទ្ទេស មកពន្យល់លម្អិតបន្ថែម និងចែករំលែកបទពិសោធន៍លើជំនាញបដិសណ្ឋារកិច្ចនៅក្នុងវគ្គបំប៉នថ្ងៃនេះផងដែរ៕