តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ទេសចរណ៍ ដែលមានទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ
រតនគិរីៈ ក្រសួងទេសចរណ៍ និងក្រសួង បរិស្ថាន បានបន្តធ្វើការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់វាលធំ នៅឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ គួរជាទីគយគន់នៅគ្រប់រដូវកាល។
តំបន់វាលធំនេះ មានទេសភាពភ្នំបៃតងខ្ចី ទឹកជ្រោះស្អាត ហើយបើនៅពេលយប់ គេអាចមើលឃើញផ្កាយរះពេញមេឃ។
បើយោងតាមក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន ៣៣២ ៥០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តរតនគិរី និង ខេត្តស្ទឹងត្រែង ដែលក្នុងនោះ មានធម្មជាតិព្រៃភ្នំ ជ្រលងដងអូរួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យ នៃឧទ្យានជាតិ ដែលស្ថិតនៅភូមិសាស្ត្រខេត្តប៉ែកឦសាននេះ។
ភ្ញៀវទេសចរអាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរ ដោយថ្មើរជើង ប្រហែល ៦ម៉ោង ឬ ការជិះម៉ូតូកែច្នៃ ហើយពេលទៅដល់អាចបោះតង់សម្រាកលម្ហែ គយគន់ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ៕