ថ្ងៃឆ្លងឆ្នាំ! ភ្ញៀវទេសចរច្រើនកុះករចេញទៅទស្សនាតំបន់ឆ្នេរសមុទ្រ
(ព្រះសីហនុ)៖ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរផ្ទៃក្នុង បានចេញទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រយ៉ាងច្រើនកុះករ ខណៈអាជ្ញាធរនៅតាមគោលដៅនានានៅតែពង្រឹងការអប់រំ និងចូលរួមការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់។
ភាពអំណោយផលនារដូវរំហើយ ប្រតិដ្ឋឱ្យមានខ្យល់ជំនោរត្រជាក់ធ្លាក់ពីនាយសាគរ ភ្ញៀវទេសចរទាំងឡាយបានជម្រុះអស់នូវក្ដីសៅហ្មងទាំងប៉ុន្មាន ហើយងាកមកនែបនិត្យជាមួយនឹងបរិយាកាសស្រស់ស្រាយ ដែលកំពុងអណ្តែតតាមខ្សែវីតានៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី។
តួយ៉ាងនៅឯខេត្តព្រះសីហនុឯណោះវិញ គេឃើញមានវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានទៅទស្សនារមណីយដ្ឋាននានាទូទាំងខេត្ត ពិសេសគឺតំបន់ឆ្នេរសមុទ្រតែម្ដង ខណៈអ្នកខ្លះបានចុះងូតទឹកសមុទ្រ លេងកម្សាន្ត គយគន់មើលទេសភាព ទទួលទានអាហារគ្រឿងសមុទ្រ និងមានសកម្មភាពកម្សាន្តជាច្រើនទៀត។
ភ្ញៀវទេសចរមិនភ្លេចឡើយនូវការថតរូបភាព និងវីដេអូ ដើម្បីបង្ហោះផ្សព្វផ្សាយទៅកាន់មិត្តភក្ដិក្នុងបណ្ដាញសង្គម ក្នុងន័យបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេ ក្នុងដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១ នេះ។
ចំពោះសន្តិសុខសុវត្ថិភាពទៀតសោត មិនមានចោទជាបញ្ហាគួរឱ្យកត់សម្គាល់នោះឡើយ ដោយគ្រប់គោលដៅទេសចរណ៍ទាំងអស់នៃខេត្តព្រះសីហនុ មានការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវពីសំណាក់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកគ្រប់មូលដ្ឋាន៕