ថ្ងៃទី១ នៃការប្រណាំងកង់ពិភពលោក កីឡាករឡាវធ្វើបានល្អជាងគេ ខណៈម៉ាឡេស៊ីលេខ២ ហុងកុងលេខ៣
ថ្ងៃទី១ នៃការប្រណាំងកង់ពិភពលោក កីឡាករឡាវធ្វើបានល្អជាងគេ ខណៈម៉ាឡេស៊ីលេខ២ ហុងកុងលេខ៣
(កោះកុង)៖ ថ្ងៃទី១នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេលប្រណាំងជិត៥ម៉ោង ចាប់ផ្ដើមពីរមណីយដ្ឋានតារាសាគរមកបញ្ចប់នៅមុខសាលាខេត្តកោះកុង នារសៀលថ្ងៃទី០៤ ខែមករា ក្នុងនោះកីឡាករឡាវដណ្ដើមបានលេខ១ កីឡាករម៉ាឡេស៊ីលេខ២ និងកីឡាករហុងកុងដណ្ដើមបានលេខ៣។
សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូតដល់ពិធីបិទ និងបំពាក់មេដាយជយលាភី ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកជំទាវ មិថុនា ភូថង អភិបាលខេត្ដកោះកុង លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១នេះ រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៤នាទី និង ៣៨វិនាទី។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Mohd Zariff មកពីក្លឹប Team Sapura Cycling ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។
ដោយឡែក ក្រៅពីលទ្ធផលប្រណាំងជារួមខាងលើ គណៈកម្មការរៀបចំក៏បានផ្ដល់នូវចំណាត់ថ្នាក់ល្អលក្ខណៈឯកជនផងដែរ ក្នុងនោះរួមមាន៖ ជយលាភីអាវពណ៌ស (កីឡាករវ័យក្មេងហើយធ្វើបានល្អជាងគេ) បានទៅកីឡាករឡាវ ជយលាភីអាវពណ៌ក្រហម (កីឡាករដែលប្រើល្បឿនឡើងភ្នំបានល្អជាងគេ) បានទៅកីឡាករឡាវដូចគ្នា ជយលាភីអាវពណ៌បៃតង (កីឡាករដែលប្រើល្បឿនវ៉ាជែងបានល្អជាងគេ) បានទៅកីឡាករម៉ាឡេស៊ី និងចុងក្រោយជយលាភីអាវពណ៌លឿង (កីឡាករដែលប្រើល្បឿនឡើងភ្នំ និងវ៉ាជែងបានល្អជាងគេ) បានទៅកីឡាករឡាវឈ្មោះ Phounsavath Ariya។
គួរបញ្ជាក់ថា ខាងលើនេះគឺជាលទ្ធផលប្រណាំងដំណាក់កាលទី១ ដែលចាប់ផ្ដើមនិងបញ្ចប់លើទឹកដីខេត្តកោះកុង។ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែមករាស្អែកនេះ ការប្រកួតនឹងចាប់ផ្ដើមពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកំពូលភ្នំបូកគោ ខេត្តកំពត ដោយមានរយៈចម្ងាយ ១៧២.៨គីឡូម៉ែត្រ និងថ្ងៃទី៣ នៅថ្ងៃទី០៦ ខែមករា ការប្រកួតនឹងចេញដំណើរពីជើងភ្នំបូកគោ ខេត្តកំពត ឆ្ពោះទៅមុខសាលាខេត្តកែប ដែលជាទីព្រ័ត្រចុងក្រោយ មានចម្ងាយប្រមាណ១៤៣.៥គីឡូម៉ែត្រ។