ទឹកធ្លាក់អូរជាំសណ្ដោងទេសភាពធម្មជាតិអណ្ដែតប៉ះចិត្តទេសចរ

(បាត់ដំបង)៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកវប្បធម៌បេតិកភណ្ឌដ៏សំខាន់មួយរបស់កម្ពុជា។ ប្រាសាទបុរាណ វត្តអារាម សំណង់ស្ថាបត្យកម្មសម័យអាណានិគម គិរីបព៌តល្បីៗជាច្រើននៅខេត្តនេះ បានផ្ដល់នូវសក្ដានុពលយ៉ាងច្រើនដល់វិស័យទេសចរណ៍។

ម្យ៉ាងវិញទៀត ទឹកដីធម្មជាតិបៃតងនាភាគខាងលិចមួយនេះ ក៏សម្បូរទៅដោយសហគមន៍អេកូទេសចរណ៍ដ៏សម្បូរបែបផងដែរ ក្នុងនោះក៏មានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ដែលកំពុងចូលរួមទាក់ទាញអន្ទងចិត្តរបស់ភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំនេះ មានទីតាំងស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមន្ទីរទេសចរណ៍ខេត្តនេះ។

ស្ថិតតាមជ្រលងភ្នំតូចធំដេរដាសក្នុងតំបន់ការពារធនធានធម្មជាតិ ទឹកធ្លាក់អូរជាំបានបង្កប់ខ្លួនសណ្ដូកកាយក្រោមម្លប់ព្រឹក្សា បង្កើតរឿងព្រេងដិតជាប់អនុស្សាវរីយ៍។ ហូរធ្លាក់ពីនាយកំពូលបុព្វតា ទឹកធ្លាក់ដ៏វែងអន្លាយនេះបានផ្ដល់នូវទេសភាពត្រជាក់ភ្នែក នែបនិត្យក្បែរវិមានរុក្ខគិរីបៃតងដ៏ស្រស់ត្រកាល។ នេះហើយជាសមិទ្ធផលធនធានធានធម្មជាតិ ដែលប្រជាសហគមន៍ខិតខំការពារអភិរក្សកន្លងមក។

ដើរសសៀតាមជ្រលងសិលាពីផ្នែកខាងក្រោមដល់ផ្នែកខាងលើ ភ្ញៀវទេសចរនឹងបានគយគន់បុប្ផាផ្កាព្រៃរីកស្រស់បំព្រងល្អគាប់ភ្នែក ក្រអូបឈ្ងុយឈ្ងប់ពេញឃានិន្ទ្រិយារម្មណ៍។ ជញ្ជាំងថ្មធំៗបញ្ឈរអមសងខាងអូរ រឹតតែធ្វើឱ្យភ្ញៀវដាក់ការសង្ស័យថា ទឹកធ្លាក់អូរជាំនេះហាក់ដូចមានគេចាំងថ្មកែច្នៃ ឬយកទៅធ្វើអ្វីមួយកាលពីសម័យមុន។ តែមិនដូច្នោះទេ ថ្វីដ្បិតជំរុំសហគមន៍នៅតំបន់នេះ គឺកើតឡើងពីធម្មជាតិសុទ្ធសាធ គ្មានកម្លាំងណាមកចាំងកែច្នៃថ្មទាំងមូលនោះឡើយ។

លោតលេងសប្បាយប្រឡែងនឹងទឹកធ្លាក់ដ៏សែនត្រជាក់ដិតជាប់ឱរា ភ្ញៀវទេសចរនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាក់ជាមិនខាន។ ឡើងទៅផ្នែកខាងលើបន្តទៀត ភ្ញៀវទេសចរនឹងបានឃើញនូវអ្វីដែលគេហៅថា «វិមានទេសចរណ៍ធម្មជាតិដ៏សែនរមណីយ» ស្ថិតនៅពិតៗលើផែនពសុធា។ ទឹកធ្លាក់អូរជាំពិតជាមានផលិតផលអេកូទេសចរណ៍ដ៏ច្រើនសម្បូរបែប ហើយមិនខកបំណងទេនៅពេលដែលអ្នកមកទស្សនានៅកន្លែងនេះ។

បើតាមលោក គឹម សុង ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បានឱ្យដឹងថា នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋនៅឃុំកំពង់ល្ពៅបានបង្កើតជាសហគមន៍ការពារព្រៃឈើមួយ ក្រោមចំណុះក្រសួងបរិស្ថាន។ ដោយមើលឃើញពីសក្ដានុពលអេកូទេសចរណ៍នៅក្នុងតំបន់ និងទទួលបានការជួយជ្រោមជ្រែងពីក្រសួង និងមន្ទីរទេសចរណ៍ខេត្តផងនោះ ទើបនៅឆ្នាំ២០១៦ សហគមន៍ក៏បានបញ្ចូលបន្ថែមនូវសេវាកម្មទេសចរណ៍រហូតដល់ពេលបច្ចុប្បន្ន។

លោក គឹម សុង បានបន្តថា ក្រៅពីទស្សនាទឹកធ្លាក់នៅក្នុងព្រៃសហគមន៍ ភ្ញៀវទេសចរក៏អាចដើរទស្សនាក្នុងព្រៃ ឬបោះតង់កម្សាន្តនៅពេលរាត្រីបានដែរ ដោយសហគមន៍នឹងមានទទួលរៀបចំបានគ្រប់ពេល។ ក្រៅពីនេះ ភ្ញៀវទេសចរអាចដើរទស្សនាចម្ការដំណាំ និងភ្លក្សផ្លែឈើរបស់ប្រជាពលរដ្ឋ ហើយមានសេវាកម្មផ្ទះស្នាក់ និងសេវាកម្មម្ហូបអាហារផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.