ទីក្រុងកែប និងទីក្រុងកំពត ត្រៀមខ្លួនដើម្បីក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ ២០២១
កិច្ចប្រជុំពិភាក្សាពីរដាច់ដោយ
ឡែកពីគ្នាត្រូវបានធ្វើឡើងនៅខេត្តកែប និងខេត្តកំពតកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ដើម្បីពិនិត្យលទ្ធភាពក្នុងការប្រែក្លាយទីក្រុងកែប និងទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅចុងឆ្នាំ២០២១ នេះ។
កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តទាំងពីរ រួមជាមួយតំណាងក្រសួង
សុខាភិបាល រដ្ឋបាលក្រុង មន្ទីរពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការចលនាដើម្បីសុខភាពកម្ពុជា និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ជាច្រើនរូបទៀត។
ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់នេះគឺជាការត្រួសត្រាយផ្លូវនិងត្រៀម
លក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងកែប និងទីក្រុងកំពតឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ដើម្បីចូលរួមពង្រឹងនិងលើក
កម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។
ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានលើកឡើងពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលរីករាលទូទាំងពិភពលោកហើយដែលយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍ និងបានបញ្ជាក់ពីការខិតខំប្រឹងប្រែងនានារបស់
ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវប្រកាសស្តីពីការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ រួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ សម្រាប់ការហូបចុក សម្រាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក សម្រាប់រមណីយដ្ឋានទេសចរណ៍ និងសម្រាប់សហគមន៍ទេសចរណ៍ ដើម្បីធានាបានថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរគ្រប់រូប។
ឯកឧត្ដម ហោ សារុន បានផ្តាំផ្ញើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ទាំងអស់នេះដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ត្រូវ អនុវត្តឲ្យបានត្រឹមត្រូវ ពិសេសក្នុងថ្ងៃឈប់សម្រាកពេលចូលឆ្នាំនាពេលខាងមុខ ដែលនឹងមានទេសចរផ្ទៃក្នុងធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងរាជធានីខេត្តយ៉ាងច្រើនផងដែរ។
ជាលទ្ធផលថ្នាក់ដឹកនាំខេត្តទាំងពីរបានបង្ហាញពីការស្វាគមន៍និងគាំទ្រជំរុញទីក្រុងកែប និងទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យជាក់ស្តែង វាយតម្លៃនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងទាំងពីរដើម្បីត្រៀមលក្ខណៈ និងរៀបចំសកម្មភាពចាំបាច់នានា ក្នុងគោលបំណងជំរុញទីក្រុងទាំងពីរឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ តាមការគ្រោងទុក៕