នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ)
ទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។
ទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦លានដុល្លារ រដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ដុល្លារ/trip, ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ដុល្លារ/trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ដុល្លារ/trip) រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ)។
ទន្ទឹមនេះ លោក ថោង ខុន បានបន្តថា ក៏សង្កេតឃើញខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ), ខេត្តព្រះសីហនុ (៤៨លានដុល្លារ), ខេត្តបាត់ដំបង (៣១លានដុល្លារ), ខេត្តសៀមរាប (៣០លានដុល្លារ)។
លោកបានបញ្ជាក់ថា ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)៕