ធីបើកកម្មវិធីជិះកង់សប្បុរសធម៌កាកបាទក្រហមថ្ងៃទី២ នៅខេត្តសៀមរាប មានអ្នកចូលរួមជាង ៦០០នាក់
នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណគ្រឹះស្ថានអង្គរ( លក់សំបុត្រចូលមើលប្រាសាទ ) ផ្លូវ៦០m មានរៀបចំពិធីបើកកម្មវិធីជិះកង់សប្បុរសធម៌កាកបាទក្រហម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប, ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវ, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រួមនឹងវត្តមានឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ត្រីរាជការ និងកីឡាករ កីឡាការិនីជិះកង់ប្រមាណជិត ៧០០នាក់ ។
នេះជាការបើកកម្មវិធីសំខាន់ទី៣ ក្នុងចំណោមកម្មវិធីសំខាន់ចំនួន៩ នៃកម្មវិធីកម្សាន្តក្រោមប្រធានបទ " សម្រាកសៀមរាប " របស់ខេត្តសៀមរាប ដែលរៀបចំឡើងស្របពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំរយ:ពេល ៥ថ្ងៃ នៅទូទាំងប្រទេស។
ក្នុងឱកាសបើកកម្មវិធីជិះកង់មនុស្សធម៌នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងខ្លីថា ជានិមិត្តរូបនៃការបើកឲ្យដំណើរការអាជីវកម្មជាច្រើនវិស័យ ច្រើនសេវា ជាពិសេសវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងអាជីវកម្មដទៃមួយចំនួនទៀតក្នុងខេត្ត ដែលមិនសូវមានផលប៉ះពាល់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែករកប្រាក់ចំណូល ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តម បានបន្តទៀតថា ការជិះកង់មនុស្សធម៌នេះគឺជាការរួមចំណែកប្រមូលមូលនិធិមនុស្សធម៌កាកបាទក្រហម ដើម្បីជួយដល់មន្ទីរពេទ្យនានាក្នុងខេត្ត ជាពិសេសមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ដែលបច្ចុប្បន្នមានកុមារ និងស្ត្រី ចូលមកទទួលសេវាជាច្រើនរយនាក់ផងនោះ។
ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍នេះ ឯកឧត្តមអភិបាលខេត្ត ក៏មិនភ្លេចទេអំពីការការពារការបង្ការ ទប់ស្កាត់ នៃការរីករាលជម្ងឺកូវីដ-១៩ ដោយបានមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាទេភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កីឡាករ កីឡាការិនីទាំងអស់ មានការប្រុងប្រយ័ត្ន និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬជែល សម្លាប់មេរោគ ដើម្បីចៀសវាងការឆ្លងជំងឺកូវីត-១៩ឱ្យបាន ហើយនាំមកនូវសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕