ន់ខ្ពស់អង្គការសុខភាពពិភពលោក កោតសរសើរចំណាត់ការដ៏រហ័សរហួនរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ «៣វិច្ឆិកា» និងចាត់ទុកជាគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរជាខ្លាំងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានសម្រេចចិត្តយ៉ាងរហ័សរហួនក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា»។ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានចាត់ទុកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា បានអនុវត្តន៍នូវវិធានការជាគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ។
ជំងឺបង្កដោយមេរោគកូវីដ១៩ ជាជំងឺមួយដែលមន្ត្រីជំនាញផ្នែកសុខភាពសាធារណៈវាយតម្លៃថាជាជំងឺមានការរីករាលដាលយ៉ាងឆាប់រហ័សបំផុត។ ព្រឹត្តិការណ៍ «៣វិច្ឆិកា» ការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយលោក ភីតធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មរបស់ហុងគ្រី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ព្រមទាំងមន្ត្រី និងអ្នកពាក់ព័ន្ធរហូតដល់ទៅជាង ៤ពាន់នាក់ នាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន ដែលមិនចេះស្រាលចំពោះស្ថានការណ៍គ្រោះថ្នាក់ទាំងឡាយនោះ បានដាក់ចេញវិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នេះ។ សម្តេចតេជោ មិនបានអល់អែកនោះឡើយក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ដូចជាការរកអ្នកពាក់ព័ន្ធដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ, បិទសាលារៀន បិទពហនុកីឡដ្ឋានជាតិអូឡាំពិក បិទកន្លែងកីឡា និងបិទកន្លែងប្រមូលផ្តុំមួយចំនួនទៀត។
លោកបណ្ឌិត តាក់កឺស៊ី កាសៃ (Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសរសេរនៅលើ Twitter ថា សុខុមាលភាពជាសមូហភាព គឺពឹងផ្អែកលើការដឹកនាំដ៏ខ្លាំងក្លា និងសកម្មភាពនៃបុគ្គលនីមួយៗ។
លោកបណ្ឌិត តាក់កឺស៊ី កាសៃ បានថ្លែងកោតសរសើរពីការគ្រប់គ្រងព្រឹត្តិការណ៍ «៣វិច្ឆិកា» របស់កម្ពុជាយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរប្រទេសកម្ពុជា ចំពោះការសម្រេចចិត្តដ៏រហ័សរហួនរបស់ខ្លួន នៅក្នុងការគ្រប់គ្រងករណីឆ្លងជាចង្កោម ទៅលើព្រឹត្តិការណ៍ [៣ វិច្ឆិកា] នៃការបំពេញទស្សនកិច្ចការទូត និងសូមកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ»។
លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលើ Twitter របស់លោកស្រីថា ការរកឃើញបានឆាប់ ឆ្លើយទាន់ពេល ជាមួយនិងកិច្ចអន្តរាគមន៍លើគោលដៅដែលត្រូវបានកំណត់ គឺជាកត្តាចាំបាច់បំផុត ដើម្បីទទួលបានជោគជ័យលើការទប់ស្កាត់មិនឱ្យជំងឺរីករាលដាល។
លោកស្រី ក៏បានថ្លែងកោតសរសើរ និងអបអរសាទរកម្ពុជាក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ «៣វិច្ឆិកា» បានយ៉ាងល្អ និងរក្សាបានសុវត្ថិភាពសុខភាពសាធារណៈសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល។
ព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានគេចាត់ទុកជាការគ្រប់គ្រងយ៉ាងជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជំងឺនេះមិនបានរីករាលដាលចូលទៅក្នុងសហគមន៍។
ព្រឹត្តិការណ៍ «៣វិច្ឆិកា» អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលរហូតដល់ទៅជាង ៤ពាន់នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានមនុស្ស ៤នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនយកទៅព្យាបាល។ អ្នកជំងឺពីរនាក់ បានព្យាបាលជាហើយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នៅសល់តែពីរនាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល៕