នៅថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ
នៅថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីត្រួតពិនិត្យ និងសម្រេចលើសេចក្តីព្រាង (១).ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបិត្តជំងឺឆ្លងកូវីដ-១៩ និង (២).ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ។ ជាលទ្ធផលអង្គរប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង និងក្រសួងទេសចរណ៍៍ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានរៀបចំឡើងនូវសេចក្តីព្រាងទាំងពីរខាងលើនេះជាឯកសារគោលនយោបាយដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍កម្ពុជានាពេលខាងមុខជាពិសេសក្រោយជំងឺឆ្លងកូវីដ-១៩ ។ អង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍ និងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាអំឡុងពេលខែកុម្ភៈ ខាងមុខនេះ ។