នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្ស-និស្សិត ផ្នែកឯកជន ទេសចរជាតិ អន្តរជាតិ ប្រមាណជាងមួយពាន់នាក់។
ក្នុងពិធីនេះមានការដាំដើមឈើចំនួន ៣៩៥ដើម ដែលជាប្រភេទឈើល្អៗ ដើម្បីចូលរួមចំណែកដល់ការថែរក្សាការពារសម្បត្តិធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន លើកកម្ពស់សោភណ្ឌភាពខេត្ត និងយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” (One Tourist One Tree) សំដៅធ្វើអោយកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ពិសេសដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ "ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍"។