ក្រសួងទេសចរណ៍រៀបចំវគ្គបណ្តុះបណ្តាលស្តីពី« ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍» ជូនដល់មន្ត្រីនារីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនារីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍” ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន (Zoom)។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមជាមន្ត្រីនារីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួនជិត៣០០នាក់ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងរៀនសូត្រអំពីភាពជាអ្នកដឹកនាំ ផ្លាស់ប្តូរផ្នត់គំនិតសង្គមចំពោះស្ត្រីក្នុងការដឹកនាំ និងយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានថ្មីៗឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍនៃវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ជាពិសេសបដិវត្តន៍ឧស្សាហកម្ម ៤.០។
លោកជំទាវរដ្ឋលេខាធិការ បានលើកបង្ហាញថា៖ វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីនារីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងការបង្កើនចំណេះដឹង ពង្រឹងភាពអង់អាច សំដៅកសាងនូវធនធានមនុស្សដែលជាយុទ្ធសាស្ត្រមួយរបស់ក្រសួងទេសចរណ៍ផងដែរ។
សម្រាប់វគ្គបណ្តុះបណ្តាលនៅពេលនេះ ក្រសួងទេសចរណ៍ផ្តោតទៅលើតែទិដ្ឋភាពចំនួនពីរបុណ្ណោះគឺ “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ” និង “ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងវិស័យទេសចរណ៍”។ ការលើកយកទិដ្ឋភាពទាំងពីរនេះមកបង្ហាញទន្ទឹមគ្នា គឺដោយសារតែការដឹកនាំដែលជោគជ័យមិនអាចកាត់ផ្តាច់ពីការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍បានឡើយ។
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងអង្គភាព គឺអាចជួយជំរុញផលិតភាពការងារបានកាន់តែប្រសើរ។ ក្នុងភាពជាអ្នកដឹកនាំ ត្រូវស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកអនុវត្តនិងអភិវឌ្ឍអង្គភាពរបស់ខ្លួន។ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួននូវចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ ដែលជានិន្នាការឌីជីថលនៅលើសកលលោក និងការប្រកួតប្រជែងនៅក្នុងតំបន់។
បច្ចុប្បន្ននេះ ការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើកស្របតាមបរិការណ៍កូវីដ-១៩ និងបរិបទសកលដែលកំពុងសកម្មប្រតិបត្តិការគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ការណ៍នេះមិនត្រឹមជាយន្តការ តែជាយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចផង និងលើកកម្ពស់សុខុមាលភាពសង្គមផងដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។
លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះពាក្យ “អ្នកដឹកនាំ” មនុស្សមួយចំនួនច្រើនគិតថា វាសំដៅលើអ្នកនយោបាយ អ្នកដែលមានតួនាទីធំៗ ឬជាប្រធានអង្គភាព។ល។ បើនិយាយពីការដឹកនាំ ឬអ្នកដឹកនាំ ស្រ្តីមួយចំនួននៅមានទស្សនៈថា “ខ្លួនមិនសូវមានសមត្ថភាពដូចបុរស និងមិនអាចដឹកនាំបាន”។ គំនិតនេះ ជាបញ្ហាមួយដែលធ្វើឱ្យស្ត្រីខ្លួនឯងមិនអាចក្លាយខ្លួនជាអ្នកដឹកនាំ។
ដូច្នេះ វគ្គបណ្តុះបណ្តាលដែលក្រសួងបានរៀបចំឡើងនៅថ្ងៃនេះ នឹងឆ្លុះបញ្ចាំងឱ្យសិក្ខាកាមជាមន្ត្រីនឹងបានយល់ថា បុគ្គលម្នាក់មិនមែនទាល់តែក្លាយទៅជា “មេ” ឬ “ប្រធានអង្គភាព” ទើបហៅថាអ្នកដឹកនាំនោះទេ ប៉ុន្តែយើងអាចធ្វើជាអ្នកដឹកនាំម្នាក់សម្រាប់គ្រួសារ ឬយ៉ាងហោចជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផងដែរ។ ផ្ទុយទៅវិញ បើយើងមានភាពជាអ្នកដឹកនាំក្នុងសង្គមការងារ នឹងរឹងរិតតែធ្វើឱ្យសង្គមឆាប់រីកចម្រើន ដោយសារតែយើងមានមន្ត្រីដែលមានគុណភាព និងសមត្ថភាពបំពេញការងារបានល្អសម្រាប់អង្គភាព ឬស្ថាប័ន៕