ក្រសួងទេសចរណ៍ ចុះអនុស្សរណៈជាមួយធនាគារចិន លើកិច្ចសហប្រតិបត្តិការទេសចរណ៍
(ប៉េកាំង, ចិន)៖ ក្នុងដំណើរចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក LIN JINGZHEN អនុប្រធានប្រតិបត្តិរបស់ធនាគារចិន (Bank of China) លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៩-២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក LIU LIANGE ប្រធានធនាគារចិន។
អនុស្សរណៈនៃការយោគយល់គ្នានេះ គឺឆ្លើយតបនឹងសកម្មភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ និងអបអរឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិន ២០១៩ ដែលអត្ថន័យផ្តោតសំខាន់ទៅលើការងារ៖
១. ការបង្កើតផលិតផល ទីផ្សារ និងផ្សព្វផ្សាយ។
២. ជួយសម្រួលការបង្កើតការបង់ប្រាក់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធឌីជិតថល ដូចជា Union Pay, WeChat Pay, AliPay ដើម្បីដាក់ឲ្យប្រើបា្រស់ដោយប្រតិបត្តិករទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ផ្សេងៗ ដើម្បីឲ្យស្របតាមតម្រូវការវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរចិន។
៣. ជំរុញការតភ្ជាប់ផ្លូវអាកាសទៅគោលដៅទេសចរណ៍សំខាន់ៗ។
៤. ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពមន្រ្តីសាធារណៈ។
៥. ជំរុញ និងលើកទឹកចិត្តឲ្យមានការប្រើប្រាស់រូបិយបណ្ណយ័នក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗទៀត ដើម្បីគាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
គួររលឹកថា ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ២លាននាក់ផងដែរ៕
Image may contain: 4 people