បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្នុងដំណាក់កាលកូវីដ-១៩
(ខេត្តស្វាយរៀង) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់ច្រកទ្វារព្រំដែនអន្តរ ជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានលេខាធិការដ្ឋានបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាស្តីពី បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ត្រីសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វាររួមមាន នគរបាលអន្តោប្រវេសន៍ មន្ត្រីគយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក មន្ត្រីបសុពេទ្យ រដ្ឋបាលស្រុកកំពង់រោទិ៍សរុបចំនួន៦២នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អ រួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលជាច្រកទ្វារសេដ្ឋកិច្ចនិងទេសចរណ៍មួយយ៉ាងសំខាន់ក្នុងខេត្ត ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរតាមគោលដៅទេសចរណ៍នានាក្នុងខេត្តនិងជាពិសេសការរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរអន្តរជាតិនិងប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់តាមច្រកទ្វារមួយនេះ។
ឯកឧត្តម ហោ សារុន បានបញ្ជាក់ថា នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាច្រើនលើសកលលោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូន ឆ្លងកាត់ព្រំដែនមានកផលប៉ពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ១,៣លាននាក់ ថយចុះ -៨០,២% ធៀបនឹងឆ្នាំ២០១៩កន្លងទៅ ហើយភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ២០% ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ ប៊ីលានដុល្លារអាមេរិក នៅ ឆ្នាំ២០២០នេះ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបាននិងកំពុងរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនៅក្នុងបរិបទនេះ យើងត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់យកៈ ១.ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ, ២.លាងដៃនឹងសាប៊ូ អាល់កុល, ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង ព្រមទាំងត្រូវអនុវត្ត ៣កុំ៖ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២.កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម។
ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានបន្ថែមថា សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននិរន្តរភាពនៃវិស័យទេសចរណ៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រនិងសកម្មភាពឆ្លើយតបនានាដូចជា ការដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការរៀបចំផែនទីចង្អុលផ្លូវក្នុងការរៀបចំស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា៣ដំណាក់កាល៖ ១.ដំណាក់កាលទី១ (Resilience & Restart) សំដៅការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំការស្តារទេសចរណ៍ឡើងវិញ(ឆ្នាំ២០២០-២០២១) ពីព្រោះថាវិបត្តិនេះបានផ្តល់នូវឱកាសយើងពិចារណាឡើងវិញនូវប្រព័ន្ធសម្រាប់ផ្តល់ឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពធន់និងប្រកបដោយនិរន្តរភាពសម្រាប់អនាគត ហើយក្នុងដំណាក់កាលនេះ យើងត្រូវរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ឱ្យបានជាអតិបរមា។ ភាពជឿជាក់និងភាពទុកចិត្តត្រូវគិតពីដើមខ្សែដល់ចុងខ្សែ ដោយគិតចាប់ពីច្រកទ្វារអន្តរជាតិដែលភ្ញៀវទេសចរចូលមកកម្ពុជានិងបន្តបន្ទាប់ដល់សេវាកម្មស្នាក់នៅ ហូបចុក ធ្វើដំណើរ សកម្មភាពកម្សាន្តនានារហូតដល់ការវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញប្រកបដោយភាពកក់ក្តៅ។ ២.ដំណាក់កាលទី២ (Recovery) ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យបានជាអតិបរិមា រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗ ឱ្យស្របតាមតម្រូវការទីផ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្រោយវិបត្តិជំងឺកូវីដ-១៩។ ៣.ដំណាក់កាលទី៣ (Relaunch) ការរៀបចំឆ្ពោះទៅអនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជាសំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានជាអតិបរិមាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវឱ្យបានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តរភាព គុណភាព និងវៃឆ្លាត។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់សមត្ថកិច្ចច្រកទ្វារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការងារព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ និងបង្ការការនាំចូល វីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា៕