បទយកការណ៍៖ បុរសម្នាក់ចំណាយពេល ១៣ឆ្នាំ រៀនកែច្នៃដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ និងរចនាម៉ូតយ៉ាងទាន់សម័យ
សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ -- ដើមឫស្សីគឺជារុក្ខជាតិម្យ៉ាង ដែលបានផ្ដល់អត្ថប្រយោជន៍សម្បូរបែប ជាពិសេសគឺបានបម្រើដល់សេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរយើងនៅតាមស្រុកស្រែចម្ការ ដែលមិនអាចខ្វះបាន តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ឥឡូវនេះ ដើមឫស្សីត្រូវបានយកមកកែច្នៃធ្វើជាសម្ភារប្រើប្រាស់យ៉ាងទាន់សម័យផងដែរ។
លោក ស្រេង ស្រឹប អ្នកកែច្នៃដើមឫស្សីធ្វើសម្ភារប្រើប្រាស់យ៉ាងទាន់សម័យម្នាក់ រស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យដឹងថា តាំងពីបុរាណមក ដូនតារបស់លោកគឺជាអ្នកកែច្នៃដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ ប៉ុន្តែពួកគាត់ធ្វើបានតែសម្ភារបែបសម័យបុរាណប៉ុណ្ណោះ។ លោកបន្ដថា ដូចនេះដើម្បីចង់បន្តកេរដំណែលពីដូនតាផងនោះ លោកបានប្រើប្រាស់ពេលវេលាចំនួន ១៣ឆ្នាំ សម្រាប់រៀនកែច្នៃដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ ដែលរចនាម៉ូតឡើងយ៉ាងទាន់សម័យ ហើយគិតមកដល់ពេលនេះទាំងពេលវេលារៀន និងការបើកធ្វើអាជីវកម្ម គឺមានរយៈពេល ១៩ឆ្នាំហើយ។
លោក ស្រេង ស្រឹប បានបញ្ជាក់ឱ្យដឹងថា៖ «ពីដំបូងខ្ញុំបានចាប់ផ្តើមធ្វើការកែច្នៃដើមឫស្សីដោយធ្វើបានតែរបស់តូចៗប៉ុណ្ណោះ ហើយឬស្សីដែលខ្ញុំយកមកកែច្នៃគឺជាឫស្សីដែលលោកតារបស់ខ្ញុំបោះចោល។ ប៉ុន្តែពេលនេះ ខ្ញុំអាចកែច្នៃឫស្សីធ្វើជាសម្ភារប្រើប្រាស់បានយ៉ាងល្អ និងមានម៉ូតទាន់សម័យផងដែរ»។ លោក ស្រេង ស្រឹប បន្តថា បច្ចុប្បន្ននេះ សម្ភារកែច្នៃពីដើមឫស្សីរបស់លោកកំពុងមានទីផ្សារល្អគឺអង្រឹងឫស្សី ដែលលក់ក្នុងតម្លៃចាប់ពី៦០ដុល្លារឡើងទៅ។ លោកបានឱ្យដឹងទៀតថា ដើមឫស្សីដែលលោកយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមនេះ គឺទិញមកពីប្រជាពលរដ្ឋក្នុងភូមិ ហើយសម្រាប់ឫស្សីដែលអាចយកមកកែច្នៃបាន គឺត្រូវកាប់ដាក់ហាលក្នុងម្លប់យ៉ាងយោចណាស់៦ខែ។
លោក ស្រេង ស្រឹប បានអះអាងថា៖ «ដើមឫស្សីដែលយកមកកែច្នៃជាសម្ភារប្រើប្រាស់ ឬសង្ហារឹមមានគុណភាពល្អ គឺមាន០៣ប្រភេទ គឺទី១ មានឫស្សីពីងពង់ជាប្រភេទឫស្សីមិនសូវមានជាតិស្ករច្រើន ដែលធ្វើឱ្យមេមិនសូវស៊ី។ ទី២ ឫស្សីលូក ដើមវាធំៗវាធន់នឹងកម្ដៅថ្ងៃ ធន់នឹងទឹកដែលយើងយកមកធ្វើផ្ទះមានគុណភាពល្អ និងទី០៣ ឫស្សីម៉ៃតុង។
សម្រាប់ថ្ងៃអនាគត បើសិនជាមានដៃគូសហការល្អ ខ្ញុំចង់ក្លាយជាអ្នកធ្វើផ្ទះ ឬខុនដូរពីដើមឫស្សីឱ្យស្រស់ស្អាត និងជាស្នាដៃកូនខែ្មរពិតៗ ជាពិសេសនោះគឺការផលិតជាគ្រឿងសង្ហារឹមពីដើមឫស្សីសម្រាប់នាំចេញទៅក្រៅស្រុក ដើម្បីសេដ្ឋកិច្ច និងលើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរផងដែរ»។
លោក ស្រេង ស្រឹប ក៏បានអំពាវឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសជួយគាំទ្រផលិតផលធ្វើពីដើមឫស្សី ដើម្បីជាកាលើកទឹកចិត្ត និងជាការផ្តល់ប្រាក់ចំណូលទៅដល់សហគមន៍ ព្រោះថា នៅពេលដែលអាជីវកម្មនេះដើរ ប្រជាពលរដ្ឋនៅក្នុងភូមិនេះក៏មានការងារធ្វើ អ្នកដាំឫស្សីក៏បានប្រាក់ចំណូលផងដែរ។
សូមបញ្ជាក់ថា ឫស្សីគឺផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ បើប្រជាពលរដ្ឋយើងចេះកែច្នៃនោះ យើងនឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីដើមឫស្សីនេះ ហើយឬស្សី ក៏មិនពិបាកក្នុងការដាំដុះ និងថែទាំនោះដែរ។ នៅក្នុងវិស័យឧស្សាហកម្ម ដើមឫស្សីក៏អាចយកទៅធ្វើវត្ថុធាតុដើមដ៏សំខាន់បំផុត ដូចជាការកែច្នៃ ធ្វើជាក្រដាសសរសេរដែលជាប្រភេទលេខ១ និងអាចយកទៅកៀបធ្វើជាក្តាបន្ទះ ក្តាប៉ាកកេ និងគ្រឿងសង្ហារឹមសម្រេច។ នៅក្នុងផ្នែកវប្បធម៌ គេអាចយកឫស្សីទៅធ្វើជាឧបករណ៍ភ្លេងបានជាច្រើនមុខ ដូចជាខ្លុយ ប៉ី រនាត និងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខទៀត។
ចំពោះអត្ថប្រយោជន៍ផ្នែកបរិស្ថាន គឺមិនខុសពីប្រភេទព្រៃឈើផ្សេងទៀតនោះទេ គឺឫស្សីអាចបង្កើតបានគម្របព្រៃពណ៌បៃតង វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបម្រែ បម្រួលអាកាសធាតុ នឹងមានអត្ថប្រយោជន៍ចូលរួមក្នុងការស្រូបយកកាបោន ឌីអុកស៊ីត សេអូដឺ ហើយបំភាយអុកស៊ីសែន សម្រាប់អាកាសធាតុ។ ក្រៅពីផ្តល់ផលប្រយោជន៍ទាំងអស់នេះផលប្រយោជន៍បរិស្ថានដទៃទៀតមានដូចជា៖ អាចការពារចម្រោះហើយ ក៏អាចនឹងដាំទប់ជាសំឡេងខ្យល់ព្យុះបានទៀតផង។ ចំពោះផ្នែកសេដ្ឋកិច្ច ឫស្សីអាចផ្ដល់ផលប្រយោជន៍ទាំងអស់ទាំងដើម ទាំងស្លឹក ទាំងទំពាំង បើយើងចេះធ្វើការកែច្នៃឬក៏ចាត់ចែងជាមុខរបរមួយច្បាស់លាស់ នោះយើងនឹងបង្កើនចំណូលបានល្អ ហើយដើមឫស្សីនេះ វាក៏ងាយស្រួលក្នុងការដាំដុះផងដែរ។ ទន្ទឹមនេះ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកែច្នៃអំពីដើមឫស្សីនេះ គឺមានជាច្រើនមុខ ដែលមិនអាចរៀបរាប់អស់នោះឡើយ៕