កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញប្រកបដោយក្តីសង្ឃឹម ហើយជប៉ុនប្តេជ្ញាជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត
(តូក្យូ,ជប៉ុន)៖ មហោស្រពកម្ពុជាឆ្នាំ២០១៩ (Cambodia Festival 2019) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាននិងកំពុងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅសួន Yoyogi នៅទីក្រុងតូក្យូ ក្រោមកិច្ចសហការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា, ក្រសួងវប្បធម៌ វិចិត្រសិល្បៈ, ក្រសួងពាណិជ្ជកម្ម និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
ពិធីបើកនៃមហោស្រពនេះ មានការចូលរួមពីសំណាក់ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន, ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, ឯកឧត្តម អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, តំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន, ប្រជាពលរដ្ឋ សិស្សនិស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករផងដែរ។
នាឱកាសបើកកម្មវិធី ឯកឧត្តម Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន បានថ្លែងកោតសរសើរពី «ការអភិវឌ្ឍរបស់កម្ពុជាក្រោមពន្លឺនៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ»។ ឯកឧត្តមអះអាងថា កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគដ៏ទាក់ទាញ និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងប្រកបដោយក្តីសង្ឃឹម ហើយជាមួយនឹងកិច្ចសហប្រតិបត្តិការល្អដ៏យូរលង់រវាងប្រទេសទាំងពីរ ជប៉ុនប្តេជ្ញាជំរុញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះរៀបចំរយៈពេល ២ថ្ងៃ ដោយមានការបង្ហាញរបាំបុរាណខ្មែរ សម្តែងដោយសិល្បករ សិល្បការនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្បាច់គុណល្បុកតោរបស់ខ្មែរ ជាមួយនឹងការរៀបចំស្តង់បង្ហាញពីម្ហូបអាហារខ្មែរ វប្បធម៌ ទេសចរណ៍ និងស្តង់ពាណិជ្ជកម្ម ចូលរួមសរុបចំនួន ២៥០ស្តង់ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករចំនួនប្រមាណ១០ម៉ឺននាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងសំដៅជំរុញផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា។
គួរកត់សម្គាល់ផងដែរថា ឆ្នាំ២០១៩ នេះជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ហើយបច្ចុប្បន្នជប៉ុនមិនត្រឹមតែមានស្ថានទូតនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏មានស្ថានកុងសុលនៅខេត្តសៀមរាបផងដែរ។ កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥% ហើយ២ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ម៉ឺននាក់ ក្នុងកំណើន ៣.១%។
ទេសចរជប៉ុនតែងស្ថិតក្នុងចំណោម ប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០ របស់កម្ពុជា។ ឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ម៉ឺននាក់ផងដែរ៕