ប្រាសាទបន្ទាយឆ្មារ កាន់តែមានអ្នកទៅលេងច្រើនឡើងៗ, រដ្ឋមន្ត្រីទេសចរណ៍ ស្នើប្រតិបត្តិករត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះភ្ញៀវ
(បន្ទាយមានជ័យ)៖ នៅពេលបានទៅទស្សនាប្រាសាទបន្ទាយឆ្មារ ហើយបានឃើញនូវវត្តមានភ្ញៀវទេសចរទៅទស្សនាប្រាសាទនេះកាន់តែមានការកើនឡើងនោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាកម្មទេសចរណ៍នានា ប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ដំណើរទស្សនាប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ពិធីជួបសំណេះសំណាល ជាមួយក្រុមផ្តល់សេវាតង់ស្នាក់នៅកម្រិតស្តង់ដាអន្តរជាតិរបស់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រកបដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។
ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណូលខ្ពស់ និងអាចដើរកម្សាន្តបានច្រើនដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦.២លាននាក់ និងទេសចរជាតិជាង ១០លាននាក់ ដោយឡែកគ្រាន់តែក្នុងសង្ក្រានឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសដល់ទៅជាង ៨លាននាក់ ហើយមានការចំណាយយ៉ាងច្រើន៕