ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីខួបលើកទី៧៤ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីខួបលើកទី៧៤ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីខួបលើកទី៧៤ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចតទៅ៖
១. តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ថោង ខុន បានសំដែងនូវសេចក្តីរីករាយដែលចូលរួមក្នុងពិធីខួបលើកទី៧៤ នៃទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយម និងបានសំដែងនូវការអបអរសាទរ និងជូនពរដល់ប្រជាជនវៀតណាមឱ្យកាន់តែមានសុភមង្គល វិបុលសុខ និងការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។
២. ជាង៧ទស្សវត្ស បន្ទាប់ពីទទួលបានឯករាជ្យ ប្រទេសវៀតណាមបានឆ្លងកាត់ពេលវេលាដ៏លំបាកជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែវីរភាព និងគោលការណ៍ណែនាំរបស់បិតាឯករាជ្យជាតិវៀតណាម នៅតែជាប្រភពក្នុងការលើកទឹកចិត្ត ពង្រឹងកម្លាំង និងសាមគ្គីភាពជាតិវៀតណាម។ ជាការពិត ប្រទេស វៀតណាមមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ចាប់តាំងពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយកាលពីឆ្នាំ១៩៨៦។ ឯកឧត្តមបណ្ឌិត ក៏បានយកឱកាសនេះសំដែងការកោតសរសើរយ៉ាងកក់ក្តៅចំពោះប្រទេសវៀតណាមដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ច -សង្គមគួរឱ្យកត់សម្គាល់ និងដំណើរឈានទៅមុខឆ្ពោះទៅការសម្រេចគោលដៅនៃទំនើបភាវូបនីយកម្ម និង ឧស្សាហូបនីយកម្មនៅឆ្នាំ២០៣០។
៣. ឯកឧត្តមបានកោតសរសើរផងដែរ ចំពោះប្រទេសវៀតណាមដែលបានទទួលការគាំទ្រ ជាសមាជិកមិនមែនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អណត្តិឆ្នាំ២០២០-២០២១ នាពេលថ្មីៗនេះ ដោយទទួលបានសម្លេងគាំទ្រ១៩២ លើ១៩៣សម្លេង។ នេះ ជាការឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ លើការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការលើកតំកើនសន្តិភាព ស្ថេរភាព និងភាពរីកចម្រើននៅក្នុងតំបន់ និងសកលលោក។
៤. ឯកឧត្តម ថោង ខុន ក៏បានគូសរំលេចផងដែរថា រហូតមកដល់បច្ចុប្បន្ន កម្ពុជា និងវៀតណាម ស្រលាញ់រាប់អានគ្នា និងបណ្តុះស្មារតីជាមិត្តជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយភាពយោគយល់ និងស្ថិរភាពដ៏យូរអង្វែង។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនៅតែបន្តកើនឡើងកាន់តែខ្លាំងតាមរយៈការយកចិត្តទុកដាក់រួមគ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ ប្រទេសទាំងពីរនៅតែរក្សាការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់ប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ មានដូចជា៖ ទស្សនកិច្ចរបស់ ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទស្សនកិច្ចផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានធ្វើឡើងនៅឆ្នាំ២០១៨ និង២០១៩កន្លងទៅ។ ដោយឡែក កម្ពុជាក៏បានទទួលស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម ទស្សនកិច្ចរបស់លោកជំទាវ Nguyen Thi Kim Ngan ជាប្រធានរដ្ឋសភាជាតិវៀតណាម ក៏ដូចជាការចូលរួមរបស់លោកជំទាវនៅក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ នៅខេត្តសៀមរាប ព្រមទាំងទស្សនកិច្ចថ្មីៗនេះរបស់ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ នៅក្នុងខែសីហានេះ នៅរាជធានីភ្នំពេញ។
៥. ឯកឧត្តម ថោង ខុន ក៏បានអបអរសាទរផងដែរលើការសម្រេចបានទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលកើនឡើងរហូតដល់ ៤,៧ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កន្លងទៅ និង ៦ខែដើមឆ្នាំ២០១៩ នេះ កើនឡើងរហូតដល់ ២,៧ ប៊ីលានដុល្លារអាមេរិក ហើយប្រទេសទាំងពីរមានសុទិដ្ឋិនិយមក្នុងការសម្រេចបានគោលដៅនៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរចំនួន ៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ទាក់ទងនឹងវិស័យទេសចរណ៍ ឯកឧត្តមក៏បានជម្រាបផងដែរថា នៅឆ្នាំ២០១៨កន្លងទៅ វៀតណាមជាទីផ្សារទេសចរណ៍ធំទីពីររបស់កម្ពុជា ដោយក្នុងនោះ ទេសចរជនជាតិវៀតណាមបានមកទស្សនាកម្ពុជាមានចំនួនជាង ៨០ម៉ឺននាក់ ក្នុងចំណោមទេសចរ ៦,២លាននាក់។ ដោយឡែក ៦ខែដើមឆ្នាំ២០១៩ នេះ ទេសចរវៀតណាមបានមកទស្សនាកម្ពុជាមានប្រមាណជាង ៤០ម៉ឺននាក់ និងរំពឹងថាទទួលបានប្រមាណ ៩០ម៉ឺននាក់នៅឆ្នាំ២០១៩ ទាំងមូល។ ឯកឧត្តមក៏បានរំលឹកផងដែរថា វិស័យទេសចរណ៍កម្ពុជាបានបង្កើតប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤៣៧៥លានដុល្លារ ស្មើនឹង ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។
៦. តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រវិស័យផ្សេងៗទៀតដល់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ជាពិសេស កម្ពុជានៅតែចងចាំពីពលីកម្មរបស់ទាហានស្ម័គ្រចិត្តវៀតណាមក្នុងការជួយគាំទ្រដល់ការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩។
៧. ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា សន្តិភាព ស្ថិរភាព និងភាពរីកចម្រើនរបស់ពិភពលោក ហើយកម្ពុជានឹងធ្វើការសហការជាមួយប្រទេសអាស៊ានផ្សេងៗទៀត ដើម្បីសហការគាំទ្រកិច្ចប្រជុំអាស៊ាននានា ដឹកនាំដោយប្រទេសវៀតណាមនៅឆ្នាំ២០២០ ឲ្យទទួលបានជោគជ័យ៕