បុណ្យសមុទ្រ៣ថ្ងៃមានភ្ញៀវទេសចរចូលទស្សនា ៣៥ម៉ឺននាក់កើនឡើងជិត៦ដង បើធៀបនឹងឆ្នាំ
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ បានប្រាប់អោយដឹងថា ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ៣៥ម៉ឺននាក់ ក្នុងនោះនៅថ្ងៃទី១ មានចំនួនប្រមាណ ៦ម៉ឺននាក់, ថ្ងៃទី២ មានចំនួនប្រមាណ ២០ម៉ឺននាក់ និងថ្ងៃទី៣ មានចំនួនប្រមាណ ៩ម៉ឺននាក់ ដែលមានការកើនឡើងដល់ទៅជិត៦ដង បើប្រៀបធៀបនឹងពិធីបុណ្យសមុទ្រលើកទី៣ (ជុំទី១) នៅខេត្តកោះកុង កាលពីឆ្នាំ២០១៣។
គួរកត់សំគាល់ ចំនួននេះមានការកើនឡើងដល់ទៅជិត៦ដង បើប្រៀបធៀបទៅនឹងបុណ្យសមុទ្រលើកទី៣ (ជុំទី១) នៅខេត្តកោះកុង កាលពីឆ្នាំ២០១៣ ហើយមានកត្តាជាច្រើនដែលជំរុញឱ្យមានកំណើនដ៏ល្អនេះ ក្នុងនោះរួមមាន៖ កត្តាសន្តិភាព កត្តារីកចម្រើនឥតឈប់ឈរនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កត្តារីកចម្រើននៃហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្លល់ កត្តាផលិតផល និងគោលដៅទេសចរណ៍ប្លែកៗដ៏ទាក់ទាញ ពិសេសគឺទេសភាពដ៏ទាក់ទាញនៃតំបន់ឆ្នេរ កោះ និងតំបន់អេកូទេសចរណ៍ និងការយកចិត្តទុកដាក់រៀបចំរបស់គណៈកម្មការ និងអាជ្ញាធរខេត្ត ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានដ៏ល្អ។
ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលជាកត្តាទាក់ទាញដ៏អស្ចារ្យបំផុតក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃនេះ ពិសេសគឺនៅក្នុងថ្ងៃបើកជាផ្លូវការ (២០ម៉ឺននាក់ ខណៈដែលថ្ងៃទី១ មានតែ ៦ម៉ឺននាក់ និងទី៣ ៩ម៉ឺននាក់ប៉ុណ្ណោះ) គឺវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋគ្រប់រូប។ ប្រជាពលរដ្ឋមកពីគ្រប់ស្រុក នៃខេត្តកោះកុង និងមកពីស្ទើរគ្រប់ខេត្តនៅទូទាំងប្រទេស ចង់ជួបចង់ស្តាប់ផ្ទាល់នូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»។
ជាសក្ខីភាព ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានចូលរួមស្តាប់ផ្ទាល់នូវប្រសាសន៍សម្តេចតេជោ ដែលថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសពីធីបើក ដោយស្ងាត់ស្ងៀម យកចិត្តទុកដាក់ និងពេញចិត្តបំផុត៕