ប្រទេសទាំង១០នៅអាស៊ានទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវអន្តរជាតិមកអាស៊ាន ១២៩លាននាក់
ប្រទេសទាំង១០នៅអាស៊ានទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវអន្តរជាតិមកអាស៊ាន ១២៩លាននាក់
(ភ្នំពេញ)៖ តាមតារាងស្ថិតិភ្ញៀវទេសចរដែលមកទស្សនាអាស៊ាន បានបង្ហាញថា ពេញមួយឆ្នាំ២០១៨ ប្រទេសអាស៊ានទាំង១០ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១២៩លាននាក់ កើនឡើង ៧.៤% ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេលើសលុប ដល់ទៅប្រមាណ ២៧,៩៣០,០០០នាក់។
តាមតារាងស្ថិតិភ្ញៀវទេសចររបស់អាស៊ានបានឱ្យដឹងថា៖
* ប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣៨,១៥៤,៤៩៤នាក់ (ចិនប្រមាណ១១លាននាក់) កើនឡើង ៧.២%។
* ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២៣,៤៧៩,៩៣២នាក់ (ចិន២.៩លាននាក់) ថយចុះ ០.១%។
* ប្រទេសសិង្ហបុរី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៦,៩០៣,១៦៨នាក់ (ចិន១.៥លាននាក់) កើនឡើង ៦.៦%។
* ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៥,៤៩៧,៧៩១នាក់ (ចិន៥លាននាក់) កើនឡើង ១៩.៩%។
* ប្រទេសឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៤,៣៩១,៨១៦នាក់ (ចិន៣លាននាក់) កើនឡើង ១១.៦%។
* ប្រទេសហ្វីលីពីន ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៤៣៩,៩៥២នាក់ (ចិន១លាននាក់) កើនឡើង ៧.២%។
* ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.២០០,០០០នាក់ (ចិន១.៩លាននាក់) កើនឡើង ១១%។
* ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,១៨៦,៤៣២នាក់ (ចិន០.៨លាននាក់) កើនឡើង ៨.២%។
* ប្រទេសមីយ៉ាន់ម៉ា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣,៥៥១,៤២៨នាក់ (ចិន០.៦លាននាក់) កើនឡើង ៣.១%។
* ប្រទេសប៊្រុយណេដារូសាឡឹម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២០៥,១២៩នាក់ (ចិន០.២៨លាននាក់) កើនឡើង ៤.៥%។
តាមរយៈសន្ទស្សន៍នៃលំហូរទេសចរចិន ដូចមានបញ្ជាក់នៅខាងលើយ៉ាងដូច្នេះ សបញ្ជាក់ថា មិនមែនមានតែប្រទេសកម្ពុជាទេ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើន សូម្បីប្រទេសដទៃទៀតនៅតំបន់អាស៊ាន ក៏មានភ្ញៀវទេសចរចិនទៅទស្សនាកម្សាន្តច្រើនជាងកម្ពុជាផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា ៦.២លាននាក់ មានភ្ញៀវទេសចរចិនចំនួន ១.៩លាននាក់ កើន៧០ភាគរយ ហើយនៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣លាននាក់។
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២ នៅទីក្រុងហាឡុង ប្រទេសវៀតណាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ១២៩លាននាក់ កើនឡើង ៧.៤%។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២នេះ ធ្វើឡើងស្របពេលជាមួយគ្នានឹងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) ក្រោមប្រធានបទ «អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)» ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៩។
ឯកឧត្តម ថោង ខុន បានឱ្យដឹងថា «រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ាន ឆ្នាំ២០១៨ មានរហូតដល់ ១២៩លាននាក់ ក្នុងកំណើន ៧.៤%»៕