ផលិតផលទេសចរណ៍ថ្មី នៅរមណីយដ្ឋានឡូរី ជើងភ្នំបាណន់ សម្រាប់ទទួលស្វាគមន៍ទេសចរក្នុងពិធីបុណ្យទន្លេ
(បាត់ដំបង)៖ នាព្រឹកថ្ងៃទី ១៣ មីនា ២០២០ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យទន្លេ គណៈប្រតិភូក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បានធ្វើដំណើរទស្សនកិច្ច ដោយជិះឡូរីកម្សាន្ត នៅជើងភ្នំបាណន់ រួមជាមួយក្រុមកីឡាករជិះកង់ និងភ្ញៀវទេសចក្នុងស្រុកប្រហែល ៣០០នាក់។ ឡូរីនេះ ជាផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ហើយទេសចរទាំងអស់មានក្តីរំភើបសប្បាយរីករាយ ដោយបានទស្សនាទេសភាព និងធម្មជាតិដ៏ស្រស់ស្អាតនៅតាមជើងភ្នំបាណន់។
រមណីយដ្ឋានឡូរី ជើងភ្នំបាណន់ ត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទស្សនកិច្ចទេសចរក្នុងស្រុក ពិសេសក្នុងឱកាសបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ ហើយរមណីយដ្ឋាននេះ បាននិងកំពុងផ្តល់ឱកាសការងារ បង្កើតមុខរបរ និងប្រាក់ចំណូលជាច្រើនជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅស្រុកបាណន់ និងខេត្តបាត់ដំបង៕