ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០០១៩។
ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០០១៩។
(ភ្នំពេញ) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ក្រសួងទេសចរណ៍ ដោយសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន និងមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោកស្រី Gui Fan នាយករងប្រតិបត្តិនៃមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ លោក លោកស្រីសាស្រ្តាចារ្យនៃមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងគ្រូឧទ្ទេសអន្តរជាតិ ព្រមទាំងសិក្ខាកាម សរុបប្រមាណ ២០០ នាក់។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំពេលវេលា និងស្របតាមផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍សំដៅឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ទាំងបរិមាណ និងគុណភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមពង្រឹងសមត្ថភាពជំនាញភាសាចិនដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយ ភាសាចិនដោយផ្អែកលើការប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការបណ្តុះបណ្តាលភាសាចិន និងការពង្រឹងសមត្ថភាពភាសាចិនប្រើប្រាស់សម្រាប់បកស្រាយពន្យល់ដល់ទេសចរ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមទៀតថា តាមរយៈការសហការរៀបចំ វគ្គបណ្តុះបណ្តាលនេះ វាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងភាពដៃគូរវាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន និងមហាវិទ្យាល័យភាសាចិនប៉េកាំងអន្តរជាតិ និងក្រសួងទេសចរណ៍លើការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាកិច្ចខិតខំប្រឺងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍សំដៅត្រៀមទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន ដែលបាន និងកំពុងមានការកើនឡើងយ៉ាងរហ័សក្នុងពេលបច្ចុប្បន្ន។
គួរកត់សម្គាល់ថា សម្រាប់រយៈពេល ០៦ ខែដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣.៣ លាននាក់ កើនឡើង ១១.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិចិនចំនួន ១.២៩២.៤៨៦ នាក់ កើនឡើងប្រមាណ ៣៨.៧%។
តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់។