ពិធីរត់កម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីបុណ្យទន្លេឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង
កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យទន្លេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមនៅទីតាំងរូបសំណាករិទ្ធិសែននាងកង្រី។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
គួរកត់សម្គាល់ មានអ្នកចូលរួមរត់កម្សាន្តប្រមាណ២០០០នាក់ ដែលភាគច្រើនជាសិស្សានុសិស្សមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានាក្នុងខេត្តកំពង់ឆ្នាំង។ ចុងបញ្ចប់នៃពិធី ក៏មានការប្រគល់រង្វាន់ដល់ជ័យលាភីលេខ១ លេខ២ លេខ៣ នៃប្រភេទរត់ចំងាយទាំងពីរនេះផងដែរ។