ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ នឹងទាក់ទាញអ្នកចូលរួម ៦ពាន់នាក់ មកពីជុំវិញពិភពលោក
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ នឹងទាក់ទាញអ្នកចូលរួម ៦ពាន់នាក់ មកពីជុំវិញពិភពលោក
នារសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth ដែលរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។
ឯកឧត្តម សូ ម៉ារ៉ា បានឱ្យដឹងថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។ ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះ គឺដើម្បីជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth បានបញ្ជាក់ថា តាំងពីពេលបើកឱ្យមានការចុះឈ្មោះចូលរួមរហូតមកដល់ថ្ងៃនេះ មានក្រុមហ៊ុន Seller ចុះឈ្មោះទិញស្ដង់ប្រមាណ១០០ស្ដង់រួចហើយៗ នឹងបិទការទទួលចុះឈ្មោះនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ រីឯក្រុមហ៊ុនជា Buyer ក៏នឹងបិទការទទួលចុះឈ្មោះនៅខែសីហា ខាងមុខនេះផងដែរ។ លោកក៏បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ មានចំណុចពិសេសៗមួយចំនួន៖
* ផ្ដល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ២០% សម្រាប់ក្រុមហ៊ុន Seller ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃបើកទទួលការចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី១៥ ខែកក្កដា។
* មានក្រុមហ៊ុន Buyer មកពីអន្តរជាតិ ក្នុងនោះ Buyer ថ្មីៗដល់ទៅប្រមាណ ៨០% នៃក្រុមហ៊ុន Buyer សរុប។
* ទីតាំងពិព័រណ៍មានភាពអំណោយផលសម្រាប់ក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ។
* ក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ នឹងមានសកម្មភាពកម្មវិធីជាច្រើនសម្បូរបែប ដែលក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ អាចទទួលបានបទពិសោធន៍ថ្មីៗ។
សម្រាប់ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀតសម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។ ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍ CTM នេះក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគេរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ កើនឡើង ២០-៣០%។
លោក ឱម ផារិន ក៏បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 នេះ ឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍របស់ខ្លួន៕