ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរជាង២ពាន់នាក់ ចូលរួមទស្សនា
(សៀមរាប)៖ ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬបាតុភូតសមរាត្រី (Equinox) រដូវប្រាំង បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៅលើទឹកដីអង្គរវត្តសៀមរាប ដោយបានបង្កើតនូវ ទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាល និងបានទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦៖៣០នាទី។
ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ស្ងើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រ នៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
អង្គរវត្តត្រូវបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្ត្រ វិស្វកម្ម និងតារាសាស្ត្រ។ នេះក៏ជាហេតុផលវិទ្យាសាស្ត្រមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕