សង្រ្កាន្តឆ្នាំនេះមានអ្វីពិសេសសម្រាប់ភ្ញៀវទេសចរមកទស្សនា?
(ខេត្តសៀមរាប)៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានកម្មវិធីមួយឈ្មោះថា(ភូមិខ្ញុំ) ដែលកម្មវិធីនោះនឹងមានការរៀបចំគម្រោងធំៗជាច្រើន ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង នៅក្នុងបរិវេណអង្គរធំនៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងកម្មវិធីភូមិខ្ញុំ បានដឹកនាំប្រជុំក្រុមការងារគម្រោងភូមិខ្ញុំដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំគម្រោង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ភូមិខ្ញុំ ឆ្នាំនេះត្រូវបានគិតគូរ រៀបចំឡើងដោយផ្ចិតផ្ចង់ និងអស្ចារ្យជាងឆ្នាំមុនៗទាំងអស់ ដោយសារឆ្នាំនេះ ជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង និងជាឆ្នាំដែលយើងបានសម្រេចរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដែលបានរំខានដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជាយើងកន្លងមក ហើយក៏ជាចលករមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផង។