ភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ កញ្ញា
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែ កញ្ញា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីជាច្រើនពាន់នាក់បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ។
បើតាមអាជ្ញាធរជាតិអប្សរា លោក អ៊ុច សាវន អាយុ ៦៧ ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទនិងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀបរយល្អដែលជាការទាក់ទាញក្រៅពីប្រាសាទ។
ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្តសៀមរាប ថ្លែងថា លោកមានអារម្មណ៍ថា អស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយនេះ។ លោកសប្បាយចិត្ត ពេលមកឃើញមានភ្ញៀវជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ-វត្តយ៉ាងច្រើនបែបនេះ៕