រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវ
(សៀមរាប)៖ ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។
ជាពិតណាស់ តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានការរៀបចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។
នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតាក៏រឹតតែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មានបំណងចង់ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេសគឺចង់រៀបចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។
ក្នុងកិច្ចបូកសរុបលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវផែនការមួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុងនោះឯកឧត្តមបានជំរុញឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅលើភ្នំគូលែននេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។
គណៈកម្មការអន្តរក្រសួងនេះ ក៏បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នៅគោលដៅទេសចរដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែនការជំរុញការរៀបចំកសាងហេដ្ឋរចនាសម្ព័ន្ធរឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។
ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នាប្រគល់ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំអង្គប្រជុំសម្របសម្រូលមួយ ដើម្បីប្រែក្លាយសហគមន៍នេសាទជ្រាវទៅជាសហគមន៍តាមស្តង់ដាជាតិ និងអាស៊ានដ៏ទាក់ទាញ ឱ្យបានឆាប់រហ័សផងដែរ។
ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ានក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឲ្យមាន «គណៈកម្មការជាតិផ្នែកជំនាញទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយសព្វថ្ងៃកម្ពុជាបានដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។
ឯកឧត្តមបានបន្តណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។
ម្យ៉ាងទៀត ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិដើម្បីធានាផលប្រយោជន៍អតិបរមាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្តទីផ្សារដោយឡែកសម្រាប់ភ្ញៀវទេសចរចិន។
កិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល៣ខែខាងមុខទៀត ដើម្បីត្រួតពិនិត្យលើលទ្ធផលដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕