មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ Telegram Bot ជួយស្វែងរកអ្នកប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ក្នុងករណីមានអ្នកឆ្លងកូវីដ១៩ ក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍
(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា Telegram Bot ជួយស្វែងរកអ្នកប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ក្នុងករណីរកឃើញថាមានអ្នកឆ្លងកូវីដ១៩ ក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
លោកថ្លែងបែបនេះក្នុងឱកាសតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលតាមរាជធានី ខេត្ត និងសមាគម
ក្នុងឧស្សាហកម្មទេសចរណ៍ស្តីពីការបង្កើត QR Code សម្រាប់ចុះវត្តមានទេសចរក្នុងដំណាក់កាលជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារភ្នំពេញ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍តាមប្រព័ន្ធ Telegram Bot ត្រូវបានបង្កើតឡើងដើម្បីកត់ឈ្មោះ និងបញ្ចូលទិន្ន័យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្លាប់បានប្រើប្រាស់សេវាកម្មរបស់អាជីវកម្មទេសចរណ៍ នៅតាមរាជធានី ខេត្ត ក្នុងដៅចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍រវាងភ្ញៀវ និងភ្ញៀវ ភ្ញៀវ និងបុគ្គលិក និងរវាងបុគ្គលិក និងបុគ្គលិក។ មួយវិញទៀត ប្រព័ន្ធនេះជាផ្នែកមួយចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់ភាពងាយស្រួលចំពោះការស្វែងរកអ្នកប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ក្នុងករណីរកឃើញថាមានអ្នកឆ្លងក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍»។
ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ពិសេសប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយជាកាល្លានុវត្តភាព លោក ប៉ាក់ សុខុម បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ នូវអនុសាសន៍គន្លឹះមួយចំនួនជូនដូចខាងក្រោម៖
១៖ ស្នើដល់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ដើម្បីចុះជំរុញ និងតាមដាន
ព្រមទាំងយកខ្លឹមសារនៃវគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍តាមប្រព័ន្ធ Telegram Bot នាថ្ងៃនេះ ទៅផ្សព្វផ្សាយ និងអនុវត្តបន្តតាមគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ អំពីកាតព្វកិច្ចចូលរួម និងប្រើប្រាស់ជាទម្រង់រួមមួយដែលផលិតដោយក្រសួងទេសចរណ៍។
២៖ ចំពោះសមាគមក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវចូលរួមសហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរទេសចរណ៍ ដើម្បីជំរុញដល់គ្រប់សមាជិករបស់ខ្លួនចូលរួមប្រើប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍តាមប្រព័ន្ធ Telegram Bot ឱ្យបានកាន់តែច្រើនថែមទៀត។
៣៖ ស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាលេខាធិការដ្ឋានក្រុមការងារកូវីដ១៩ ក្រសួងទេសចរណ៍ បន្តតាមដាន និងបូកសរុបការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដើម្បីរាយការណ៍ជូនលោករដ្ឋមន្ត្រី និងលោករដ្ឋលេខាធិការប្រចាំការជាប្រធានក្រុមការងារ។
លោក ប៉ាក់ សុខុម បានឆ្លៀតអំពាវនាវឲ្យគ្រប់ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងប្រព័ន្ធចុះបញ្ជី ឈ្មោះភ្ញៀវទេសចរណ៍តាមប្រព័ន្ធ Telegram Bot នេះឲ្យកាន់តែសកម្ម ដើម្បីបង្កើនទំនុកចិត្តភ្ញៀវទេសចរ (Trust and Confidence) រួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព (Safe Destination) និងឧត្តមានុវត្តន៍៕