មន្ទីរទេសចរណ៍ខេត្តក្រចេះ ជំរុញការអនុវត្តនីតិវិធីសុំអាជ្ញាបណ្ណទេសចរណ៍ដើម្បីពង្រឹងគុណភាពសេវាកម្មសាធារណៈ។
(ក្រចេះ) នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបើកសិក្ខាសាលាស្តីពី “នីតិវិធីស្នើសុំអាជ្ញា បណ្ណទេសចរណ៍ ដល់មន្ត្រីជួរមុខ និងជួរក្រោយដែលប្រចាំការនៅអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង ស្រុក” ក្រោមអធិបតីភាព ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ នៅសាលប្រជុំសណ្ឋាគារ ហ៊ បុន្នី ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីជួរមុខអង្គភាព ការិយាល័យ និងយន្តការ ច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង ស្រុក យុវជន ស.ស.យ.ក យុវជនស្រលាញ់សន្តិភាព និងប្រតិបត្តិករទេសចរណ៍សរុបប្រមាណ ៦០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការជាពិសេសមន្ត្រីនៅអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក សំដៅអាចផ្តល់សេវាអាជ្ញាបណ្ណទេសចរណ៍បានល្អ រហ័ស និងត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្ត និងការណែនាំនានារបស់ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ និងដើម្បីធានាប្រសិទ្ធភាពអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ ជាពិសេសលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងដើម្បីគៀងគរប្រភពចំណូលចូលជាតិតាមរយៈចំណូលអាជ្ញាបណ្ណទេសចរណ៍ជាកម្រិតអតិបរមា។ ចំណូលទាំងនេះហើយដែលបានគាំទ្រដល់លំនឹងសេដ្ឋកិច្ចជាតិ ហើយដែលរាជរដ្ឋាភិបាលអាចយកមកបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍរបស់ប្រមុខដឹកនាំរួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង។
ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានផ្តាំផ្ញើរទៅសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការផ្តល់អាជ្ញាបណ្ណទេសចរណ៍នេះអោយកាន់តែល្អបន្ថែមទៀត និងសូមឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវមកសុំអាជ្ញាបណ្ណថ្មី រឺបន្តអាជ្ញាបណ្ណនៅការិយាល័យច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក អោយបានទាន់ពេលវេលា និងត្រូវសហការជាមួយមន្ទីរជំនាញដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន និងសុខសុវត្ថិភាពទេសចរឲ្យបានល្អប្រសើរ ដើម្បីទាក់ទាញទេសចរមកទស្សនាក្នុងខេត្តក្រចេះឲ្យបានច្រើនកុះករ និងលើកមុខមាត់ខេត្តបន្ថែមទៀត។