មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អាស៊ាន ដាក់ផែនការជំរុញវិស័យទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំនៅខេត្តសៀមរាប
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អាស៊ាន ដាក់ផែនការជំរុញវិស័យទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំនៅខេត្តសៀមរាប
(សៀមរាប)៖ ក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារទីផ្សារទេសចរណ៍អាស៊ាន នៅខេត្តសៀមរាប នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានរួមគ្នាដាក់ចេញនូវផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា។
នាឱកាសនោះ មន្រ្តីជាន់ខ្ពស់អាស៊ានបានពិភាក្សាអំពីកិច្ចសហការទេសចរណ៍ក្នុងតំបន់ ដើម្បីជំរុញទេសចរណ៍អាស៊ាន ស្របតាមចក្ខុវិស័យអភិវឌ្ឍទេសចរណ៍អាស៊ាន ជាគោលដៅគុណភាពកម្រិតពិភពលោកប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០១៧-២០២០។
ប្រទេសសមាជិកអាស៊ានបានផ្តោតជាចម្បងលើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បណ្តាញសង្គម កិច្ចសហការរួមគ្នាលើការរៀបចំព្រឹតិ្តការណ៍ទេសចរណ៍ផ្សេងៗ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។
កិច្ចប្រជុំក៏បានពិភាក្សាអំពីការផ្សព្វផ្សាយកញ្ចប់ខ្សែទស្សនកិច្ចបែបវប្បធម៌ បេតិកភណ្ឌ ម្ហូបអាហារ ធម្មជាតិជាដើម នៅក្នុងគេហទំព័រផ្សព្វផ្សាយទេសចរណ៍អាស៊ាន។
សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ តំបន់អាស៊ានបានទទួលទេសចរអន្តរជាតិប្រមាណ ១៣០លាននាក់ ក្នុងកំណើន ៨.៤% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) ប្រមាណ ៤០%៕