មានអ្នកសួរច្រើនថា ចង់ទៅដើរលេងនៅបន្ទាយស្រី តើមានអ្វីធ្វើខ្លះ? ទៅលេងកន្លែងណាបានខ្លះ?
អាចសាកល្បងតាមជម្រើសមួយនេះបាន៖ ជិះកង់ពីឧទ្យានអង្គរ ឆ្លងកាត់ប្រាង្គប្រាសាទល្បីៗ អមទៅដោយដើមឈើត្រឈឹងត្រឈៃ និងវាលស្រែធំល្វឹងល្វើយ ហើយបន្តដំណើរទៅកាន់ភូមិព្រះដាក់ ហូបនំបញ្ចុកឆ្ងាញ់នៅទីនោះ។ ជិះកង់លេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិ រួចចាំបន្តដំណើរទៅគេងនៅ”បងធំហូមស្ទេ”។ បើអាចចំណាយពេលមួយយប់នៅបន្ទាយស្រី ខ្ញុំជឿថាមិនខ្វះទេកន្លែងដែលត្រូវទៅ។
សម្រាប់អ្នកចូលចិត្តទេសចរណ៍វប្បធម៌ធម្មជាតិ ប្រាសាទបន្ទាយស្រី ភ្នំគូលែន និងរមណីយដ្ឋានភ្នំក្បាលស្ពាន គឺជាជម្រើសដ៏ល្អ តែបើចាប់អារម្មណ៍ថតរូបវិញ អាចពិចារណាសួនផ្កាក្រវ៉ាន់សៀមរាប រឺសួនមេអំបៅបាន ហើយបើចង់បានម្ហូបឆ្ងាញ់ ទេសភាពស្អាត ខ្ញុំណែនាំឲ្យទៅបឹងឈូក និងផ្ទះស្នាក់បៃតងនៅស្រះដូនរីក ដែលបងប្អូនសហគមន៍នៅទីនោះមានការរៀបចំគួរឲ្យទាក់ទាញ។