តបតាមអនុសាសន៍របស់សម្តេចតេជោ ! ឯកឧត្ដមរដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន
(ភ្នំពេញ)៖ ដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ កាលពីថ្ងៃទី២២ ខែកញ្ញានោះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានប្រកាសដាក់ចេញបន្ថែម នូវយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ដើម្បីទាក់ទាញកំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន។
យុទ្ធសាស្ត្រអនុវត្តបន្ថែមទាំងនោះ រួមមាន៖
ទី១៖ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវជំរុញបុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវបន្ត និងពង្រឹងសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តបន្ត និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការកសាង «ទំនុកចិត្ត និងភាពជឿជាក់» ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ ជាពិសេសដើម្បីទទួលបានកិត្តិនាមថា «កម្ពុជាសុវត្ថិភាព»។
ទី២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជំរុញលើកទឹកចិត្ត សម្របសម្រួលដល់វិស័យឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍វប្បធម៌ ប្រពៃណីនៅទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។
ទី៣៖ គ្រប់ដៃគូអភិវឌ្ឍន៍ដែលកំពុងចូលរួមអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ និងភាគីពាក់ព័ន្ធ ជាពិសេសជនងាយរងគ្រោះ ស្ត្រី ជនជាតិដើមភាគតិច និងយុវជន ក្រោមការចង្អុលបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្ត ចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធខ្ពស់។
ទី៤៖ មន្ទីរទេសចរណ៍ត្រូវសហការជាមួយភាគីពាក់ព័ន្ធរៀបចំ និងបណ្តុះបណ្តាល ជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ជាពិសេសជនជាតិដើមភាគតិច ស្ត្រី និងជនពិការ ដើម្បីទទួលបានផលប្រយោជន៍ និងឱកាសដូចគ្នា ស្របតាមយន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ ប្រកបដោយចីរភាព។
សូមជម្រាបថា ការប្រកាសដាក់ចេញយុទ្ធសាស្ត្របន្ថែមខាងលើនេះ ធ្វើឡើងនាឱកាសនៃការប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោកខួបទី៤១ ឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន (TOURISM FOR INCLUSIVE GROWTH)» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំឡើងជាលក្ខណៈហាយប្រីឌ (Hybrid) ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអ្នកចូលរួមប្រមាណ ៤០ នាក់ និងចូលរួមតាមរយៈប្រព័ន្ធអនឡាញសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ សរុបប្រមាណ ២០០ នាក់ ស្របតាមវិធានការសុខាភិបាល និងវិធានសុវត្ថិភាព៕