យៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥,៩៩៣នាក់។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖
* ខេត្តសៀមរាប៖ ១១១,១១១នាក់
* ខេត្តកំពត៖ ៤៩,៤៦០នាក់
* ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់
* ខេត្តកណ្តាល៖ ២៩,៥៤០នាក់
* ខេត្តកែប៖ ២៣,១២៨នាក់
* ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់
* ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់
* ខេត្តកោះកុង៖ ១៥,៨៨៧នាក់។
ដោយឡែកក្រៅពីចំនួនជាង៤១ ម៉ឺននាក់ខាងលើ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក។
ជាការកត់សម្គាល់ ដោយពុំមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទែក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឱ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍ មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមា២៦,៤២៦នាក់ ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ១២៧,១១២នាក់។
ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ១១១,១១១នាក់ ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេចតេជោ ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕