រដ្ឋបាលខេត្តសៀមរាបគ្រោងដង្ហែក្បួនអបអរទិវាទេសចរណ៍ពិភពលោក
រដ្ឋបាលខេត្តសៀមរាប សហការជាមួយប្រតិបត្តិករទេសចរណ៍ សមាគម និងវិស័យឯកជន នឹងរៀបចំអបអរទិវាទេសចរណ៍ពិភពលោក ក្នុងនោះមានការដង្ហែក្បួនអបអរ និងតាំងពិព័រណ៍ផលិតផល ជាច្រើន។
ការអបអរទិវាទេសចរណ៍ពិភពលោកនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ទេសចរណ៍បៃតង និងការវិនិយោគបៃតង»។ ដើម្បីអបអរក្នុងទិវានេះ រដ្ឋបាលខេត្តសៀមរាបគ្រោងរៀបចំអបទរទិវានេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយមានកម្មវិធីមួយចំនួន។ កម្មវិធីទាំងនោះរួមមាន ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ នៅសួនច្បារមាត់ស្ទឹង ការសំអាតបរិស្ថានព្រឹកថ្ងៃទី២៧ ការហែរក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ចាប់ផ្តើមវេលាម៉ោង ៥៖៣០នាទី ថ្ងៃទី២៧ និងការលើកទឹកចិត្តដល់ការរៀបចំព្រឹត្តិការណ៍ កម្សាន្តសប្បាយនានាតាមតំបន់រមណីយដ្ឋាន តំបន់សហគមន៍ និងភូមិដ្ឋានប្រជាពលរដ្ឋ។
បន្ថែមពីនេះ តាមស្ដង់លក់ទំនិញនានានឹងមានការលក់បញ្ចុះតម្លៃពី១០ទៅ៥០%ផងដែរ៕