រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រទេសតួកម៉េនីស្ថានបានក្លាយជាប្រទេសដំបូងគេ ដែលភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអាស៊ីកណ្តាល ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន អនុញ្ញាតឱ្យលោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីថោង ខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននៅប្រទេសកម្ពុជា និងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣,០៤លាននាក់រួចទៅហើយ។
លោក Muhammetnyyaz មានប្រសាសន៍ថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។
លោកបានលើកឡើងជាសំណើរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្រទេសកម្ពុជា និងនៅប្រទេសតួកម៉េនីស្ថាន ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីទៅកាន់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរជាតិ/អន្តរជាតិបន្ថែមទៀត រួមចំណែកសម្រេចបាននូវគោលដៅរួមគ្នាជំរុញរំហូរទេសចរទៅវិញទៅមក។
តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៉ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕
ប្រែសម្រួលដោយ៖ សុ ជាតា