រដ្ឋមន្ដ្រី ថោង ខុន៖ បុណ្យទន្លេលើកទី៥ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាល កំពុងធានាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់ល្អប្រសើរ
(កំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ បានលើកឡើងថា បុណ្យទន្លេលើកទី០៥នេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលស្របនឹងបរិបទនៅពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនោះវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ក៏សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ថែមថា ពិធីបុណ្យទន្លេក៏ជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ការប្រលងប្រណាំងទីក្រុងស្អាតកម្ពុជា និងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ការអភិវឌ្ឍផលិតផលទេសចរណ៍ តាមដងទន្លេ (River-based Tourism)។
ជាពិសេសការអភិវឌ្ឍនាវាទេសចរណ៍ តាមដងទន្លេមេគង្គ តាមស្តង់ដាអាស៊ាន (ASEAN Mekong River Cruise Standard) និងការអប់រំយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារៈប្រយោជន៍ នៃធនធានតាមដងទន្លេ ស្របតាមទស្សនទាន «ទន្លេរបស់យើង សម្រាប់ប្រជាជនយើង និងវិបុលភាព (Our River for Our People and Prosperity)»។
នៅក្នុងពិធីបុណ្យទន្លេលើកទី០៥ ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការអន្តរក្រសួងបានរៀបចំឲ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* ទី១៖ ពិធីបំពាក់ឯកសណ្ឋាន និងមួកសុវត្ថិភាព ជូនបងប្អូនអ្នករត់ម៉ូតូឌុបប្រមាណ២០០នាក់ នៅក្រុងកំពង់ឆ្នាំង រៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង។
* ទី២៖ កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ក្រោមទស្សនទាន «ទេសចរម្នាក់ ដើមឈើមួយដើម» «គូរស្រករមួយគូរ ដើមឈើមួយដើម»។ សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញជាអធិបតីក្នុងពិធីនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៣៖ សិក្ខាសាលាក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» និងការជូនរង្វាន់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើម ដែលមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ១,០០០នាក់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៤៖ ពិធីក្រុងពាលីបួងសួង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៥៖ សកម្មភាពកីឡា រួមមាន ការរត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ-៥គីឡូម៉ែត្រ ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ កីឡាប្រណាំងរទះ កីឡាជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ ប្រដាល់គុនខ្មែរ និងប្រដាល់សកល ចំបាប់បុរាណ កីឡាទាញព្រ័ត្រ កីឡាវាយសី និងការប្រណាំងទូកប្រពៃណី-ល-។
* ទី៦៖ ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរ ព្រមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗទៀតជាច្រើន។
* ទី៧៖ មហោស្រពម្ហូបអាហារខ្មែរ (Cambodian Gastronomy) ការរៀបចំវិថីម្ហូបអាហារ (Food Street) ដែលជាគំរូលើកដំបូង និងការតាំងពិព័រណ៍ផលិតផលខ្មែរ កសិ-ទេសចរណ៍ កសិកម្ម សិប្បកម្ម ដែលលើកនេះមានការចូលរួមច្រើនប្រមាណ៣៥០ស្តង់ នៃចំនួនស្តង់ សរុប៤០០ស្តង់ រួមជាមួយស្តង់ផលិតផលបរទេសប្រមាណ៥០ស្តង់។