រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះសួរសុខទុក្ខ និងជូនពរនាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជន ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីទាំងមូលអំពីសភាពការណ៍នយោបាយ និងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេស សម្តេចតេជោ តែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំក្នុងការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្តសៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈក្នុងរយ:ពេល២ទស្សវត្សចុងក្រោយនេះ ដោយវិស័យទេសចរណ៍ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង ៦,២០លាននាក់ កើនឡើង ១០,៧% ធៀបនឹងឆ្នាំ២០១៧ បង្កើតប្រាក់ចំណូលជូនជាតិប្រមាណ ៤.៣៧៥លានដុល្លារអាមេរិក រួមចំណែកប្រមាណ ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លាក្នុងការរក្សាការពារបូរណភាពទឹកដី និងការពាំរតំបន់បេតិកភណ្ឌអង្គរ និងតំបន់ជុំវិញ។ កងយោធពលខេមរភូមិន្ទគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតំលៃណាក៏ដោយ គឺត្រូវការពារអោយបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងប្រឆាំងដាច់ខាតចំពោះចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមាននៅកម្ពុជា។
ក្នុងឱកាសសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជនជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន ថវិកាសរុបចំនួន ៥៤.៧០៥.០០០រៀល ទឹកបរិសុទ្ធ Oral ចំនួន ៥០កេស ទឹកបរិសុទ្ធ Vital ចំនួន ៧០កេស ស្រាបៀរកម្ពុជា ១០០កេស អង្ករចំនួន ៨បាវ ត្រីខកំប៉ុងចំនួន ៨កេសធំ មីយើងចំនួន ៦៤កេស ទឹកត្រី ៨០យួរ ទឹកស៊ីអ៉ីវ ៩២យួរ ប៊ីចេង ២៥គីឡូក្រាម និងអំបិល ១២០គីឡូក្រាម។