រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានចាត់ការតាមច្បាប់ ចំពោះអាជីវកម្មណា លក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ជូនភ្ញៀវទេសចរ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាផង និងជំរុញណែនាំផង ដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត អគ្គាធិការដ្ឋាននៃក្រសួងទេសចរណ៍ (ផ្នែកអធិការកិច្ច) សហការជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការលក់វត្ថុអនុស្សាវរីយ៍ ឬផលិតផលក្លែងក្លាយ ពីព្រោះបញ្ហានេះ ធ្វើឱ្យខូចនូវភាពជឿជាក់ពីសំណាក់ភ្ញៀវទេសចរ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងកិត្យានុភាពរបស់ជាតិ។
ការណែនាំយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩ ដែលពិធីនេះ ធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០១៩។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «ធ្លាប់មានករណីភ្ញៀវទេសចរបានទិញទំនិញពីកម្ពុជា ក្រោយមកក៏ដឹងថា ជាគ្រឿងអលង្ការក្លែងក្លាយ ហើយពួកគេក៏បានប្ដឹងមកក្រសួងការបរទេសយើង តាមរយៈស្ថានទូតគេនៅកម្ពុជា ហើយករណីថ្មីៗនេះ មានការប្តឹងផ្ទាល់ មកអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយ ACU បានដាក់លិខិតមកក្រសួងទេសចរណ៍»។
នេះជាបញ្ហាសំខាន់មួយ ដែលឯកឧត្តម ថោង ខុន តែងតែដាស់តឿនជំរុញជារឿយៗ ដល់គ្រប់ភាគីពាក់ព័ន្ធ ហើយលោកបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់សារជាថ្មីឡើងវិញ ដល់អគ្គាធិការដ្ឋាននៃក្រសួងទេសចរណ៍ ដែលមានឯកឧត្តម ប្រាក់ ច័ន្ធតារា ជាអគ្គាធិការ ត្រូវរួមគ្នាជាមួយមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើអធិការកិច្ចលើមូលដ្ឋានអាជីវកម្មលក់ដូរវត្ថុអនុស្សាវរីយ៍ ពិសេសសហការជាមួយក្រសួងពាណិជកម្ម ក្នុងការត្រួតពិនិត្យមូលដ្ថានអាជីកម្មលក់គ្រឿងអលង្កា ដើម្បីទប់ស្កាត់ និងលុបបំបាត់បញ្ហាដ៏អាក្រក់នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទូចដល់ភាគីពាក់ព័ន្ធផងដែរ សូមចូលរួមយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពិសេសឯកឧត្តមបានស្នើថា បើរកឃើញមូលដ្ឋានអាជីវកម្មណាលក់ របស់របរក្លែងក្លាយជូនភ្ញៀវទេសចរ សូមមេត្តាចាត់ការតាមនីតិវិធីច្បាប់ភ្លាមៗ។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមធ្វើយ៉ាងណាធានាថា គ្រប់គោលដៅទេសចរណ៍របស់កម្ពុជា មានការទទួលបដិសណ្ឋារកិច្ចល្អប្រសើរជូនភ្ញៀវទេសចរ គ្មានការក្លក់ទំនិញក្លែងក្លាយដូចករណីខ្លះៗដែលបានកើតឡើងមកនេះ ដើម្បីស្របតាមការប្រសិទ្ធនាមរបស់រាជរដ្ឋាភិបាលថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»៕