រដ្ឋមន្ត្រីថោង ខុន៖ ការតភ្ជាប់ការហោះហើរត្រង់ កម្ពុជា-ឥណ្ឌូណេសុី នាពេលឆាប់ៗខាងមុខ គឺជាការបង្កើនបន្ថែមនៃការតភ្ជាប់ផ្ទៃក្នុងអាស៊ាន
(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូនេស៊ី បាននិងកំពុងជំរុញឲ្យមានការហោះហើរត្រង់ឡើងវិញ បន្ទាប់ពីខកខាននៃការហោះហើរត្រង់អស់ជិតកន្លះសតវត្សរ៍ ពោលគឺចាប់ពីក្រោយឆ្នាំ១៩៧០ មក ហើយបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ការហោះហើរត្រង់នេះនឹងចាប់ផ្ដើមឡើងក្នុងពេលឆាប់ៗខាងមុខ ក្នុងឆ្នាំ២០១៩នេះ។
ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ជាមួយឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានដឺកនាំប្រតិភូនៃក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេសុី CITILINK នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ភាគីឥណ្ឌូនេស៊ីបានសម្រេចថា នឹងបើកឲ្យមានការហោះហើរឡើងវិញ អាចនៅក្នុងឆមាសទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មានតែឥណ្ឌូនេស៊ី និងប្រ៊ុយណេទេ ដែលមិន ទាន់មានការហោះហើរត្រង់មកកម្ពុជា តែដោយសារការខិតខំចរចារវាងភាគីទាំងពីរ ពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ទើបនា ពេលខាងមុខ នឹងមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឡើងវិញ បន្ទាប់ពីខកខានអស់ជិតកន្លះសតវត្សរ ហើយក៏ការ ហោះហើរនេះក៏គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនការតភ្ជាប់ផ្ទែក្នុងអាស៊ាន
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នៅពេលដែលមានការ ហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឡើងវិញ កម្ពុជាសង្ឃឹមថាវានឹងនាំ មកនូវភ្ញៀវទេស ចរច្រើនឡើងបន្ថែមទៀត ជាពិសេសទេសចរឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានឲ្យដឹងថា កម្ពុជា-ឥណ្ឌូនេស៊ី ចាំបាច់ត្រូវមានកិច្ចសហការនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ដូច្នេះការបើកឲ្យមានការហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ គឺជារឿងចាំបាច់។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជា-ឥណ្ឌូនេស៊ី នឹងប្រារព្ធខួបលើកទី៦០ នៃការតភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ហើយថា ការសម្រេចឲ្យមានការហោះហើរត្រង់ នាពេលខាងមុខនេះ ក៏គឺជាការអនុវត្តជាក់ស្តែងនូវបំណងប្រាថ្នារបស់ឯកឧត្តមអនុប្រធា នា ធិបតីឥណ្ឌូសុី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងជំនួបថ្មីៗ នេះកាលពីថ្ងៃទី១៦មករា ២០១៩ នៅខេត្តសៀមរាប និងគឺជាចំណងដៃដ៏មានសារសំខាន់នៃការប្រារព្ធខួបមួយនេះ គួបផ្សំនឹងការរៀបចំនូវកម្មវិធីមួយចំនួនទៀត ដូចជា ការរៀបចំពិព័រណ៍រួមគ្នា ការរៀបចំព្រឹត្តិការណ៍កីឡាជាលក្ខណៈមិត្តភាព រួមនឹងវេទិកាផ្សេងៗទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈវិស័យទេសចរណ៍ផងដែរ៕